ខេត្តស្វាយរៀង ៖ ទូកឈ្មួញវៀតណាមរាប់សិបគ្រឿងសម្រុកចូលមកទិញស្រូវខ្មែរ តាមផ្លូវទឹកនៅចំណុចប្រឡាយទាហាន ស្លាបប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដោយ១ថ្ងៃពី១.០០០តោន ទៅ២.០០០តោន ក៏ប៉ុន្តែកសិករអ្នកផលិតបានត្អូញត្អែរថា ឈ្មួញអ្នកប្រមូលទិញស្រូវឱ្យតម្លៃទាប ស្រូវចម្រុះក្នុង១គីឡូក្រាម ត្រឹមតែ ៨០០រៀលទៅ៩៥០រៀលប៉ុណ្ណោះ។
បើតាមលោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងបានឱ្យអ្នកសារព័ត៌មានដឹងថា មានទូកឈ្មួញវៀតណាមឡើងមកទិញស្រូវពីប្រជាពលរដ្ឋ ក៏ដូចជាឈ្មួញខ្មែរក្នុងមួយថ្ងៃចាប់ពី ១០០០ តោនទៅ២០០០តោន តាមប្រឡាយទឹក ស្លាបច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្ថិតក្នុងឃុំថ្មី ដោយក្នុង១រថយន្តចំណុះ៧០តោន។
យោងតាមប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញវៀតណាមបានចូលទូក កាណូតប៉ុកចៃ មកទិញស្រូវខ្មែរ នៅចំណតទូក ប្រឡាយទាហាន ស្លាបច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៍ដោយក្រុម ឈ្មួញអ្នកប្រមូលទិញស្រូវ ពីប្រជាកសិករផ្ទាល់ បានឲ្យតម្លៃស្រូវចម្រុះ «ស្រូវ ខា ៥៤ ឬស្រូវស្រាលបាយរឹង» ស្រូវសើម ក្នុង១គីឡូ ក្រាម៨០០រៀល ទៅ៩៥០រៀល។ បើដឹកមកដល់ចំណតទូក វៀតណាមទិញក្នុង១គីឡូក្រាម១,១០០រៀល ចំពោះស្រូវក្រអូប ទិញពីកសិករផ្ទាល់១គីឡូក្រាម១,០៥០រៀល ទៅ១,១០០រៀល លក់ឲ្យឈ្មួញវៀតណាមតម្លៃ ១គីឡូក្រាមតម្លៃ១,២០០រៀលទៅ១,៣០០រៀល។
បើតាមអាជីវករ អ្នកប្រមូលទិញស្រូវពីកសិករផ្ទាល់ បានលើកឡើងថា បញ្ហាពួកគេប្រមូលទិញស្រូវពីកសិករផ្ទាល់ឲ្យតម្លៃទាប ដោយចំណាយតាមផ្លូវច្រើន គិតថ្លៃឈ្នួលរថយន្តដឹក ថ្លៃកម្មករលើកដាក់រថយន្ត លើកចុះទូក និងបង់សេវាសមត្ថកិច្ចតាមផ្លូវនិងចំណតទូក ដូច្នេះត្រូវចំណាយច្រើន។
បើចំពោះ កសិករ យកមកលក់ផ្ទាល់ដល់ចំណតទូកវៀតណាម ទិញស្រូវចម្រុះ១គីឡូក្រាមតម្លៃ១,១០០រៀល ស្រូវក្រអូបស្ងួត១គីឡូតម្លៃ១,៣០០រៀល ៕
ដោយ៖ សុថាន