ខេត្តស្វាយរៀង ៖ បុរសម្នាក់បានប្រកាច់ស្លាប់ក្នុងទឹកស្រែបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះ តែជាអកុសលហួសពេលទៅហើយបន្ទាប់ពីជនរងគ្រោះអូសខ្សែភ្លើងចេញពីផ្ទះដើម្បីឆក់ត្រីនៅឯវាលស្រែ តែភ្លាត់ស្នៀតត្រូវខ្សែភ្លើងឆក់ខ្លួនឯងទៅវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះពុធ ថា អាយុ៤៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិយុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិភ្លាមសមត្ថកិច្ចក្រុងបានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យចុះទៅពិនិត្យសពហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ប្រាកដមែន ខណៈមិនមានស្នាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសរងគ្រោះបានអូសខ្សែភ្លើងចេញពីផ្ទះមានប្រវែងជិត១០០ម៉ែត្រក្នុងគោលបំណងទៅវាលស្រែដើម្បីឆក់យកត្រីទុកធ្វើម្ហូបពេលថ្ងៃ។
ប្រភពបន្តថា ក្រោយមកប្រមាណកន្លះម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលថាជជនរងគ្រោះត្រូវឆក់ខ្សែភ្លើងឆក់នៅឯវាលស្រែទើបក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាទៅជួយសង្គ្រោះ តែអកុសលហួសពេលទៅហើយ។
សាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដូលបំផុត៕
ដោយ៖ សុថាន