ព័ត៌មានទាន់ហេតុការណ៍៖

វិមានក្រឹមឡាំង ៖ ស្របទៅតាមរុស្ស៊ី អ៊ុយក្រែននឹងបញ្ចប់ការឈឺចាប់របស់ប្រជាជន

ចែករំលែក៖

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា វិមានក្រឹមឡាំងបានបដិសេធចចំពោះពាក្យដែលចោទថា ការវាយប្រហារលើបណ្តាញអគ្គិសនីរបស់អ៊ុយក្រែនគឺសំដៅលើជនស៊ីវិល និងបានស្នើឱ្យក្រុងកៀវ “បញ្ចប់ការឈឺចាប់” របស់ប្រជាជនដោយឆ្លើយតបទៅនឹងការទាមទាររបស់រុស្ស៊ីដើម្បីបញ្ឈប់សង្គ្រាម។
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២បានផ្សាយថា វិមានក្រឹមឡាំងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានច្រានចោលការចោទប្រកាន់ដែលថាការវាយប្រហាររបស់រុស្ស៉ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន គឺមានគោលដៅលើជនស៊ីវិល ជាមួយការសង្កត់ធ្ងន់ថាទីក្រុងកៀវអាចបិទបញ្ចប់ការឈឺចាប់នៃប្រជាជនរបស់ខ្លួនបាន ដោយបំពេញតាមការស្នើសុំពី
រុស្ស៉ីដើម្បីបញ្ចប់សង្រ្គាម។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃពុធកន្លងទៅបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមវីដេអូមួយថា ការវាយប្រហាររបស់រុស្ស៉ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន គឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ចំពេលដែលរដូវរងាចូលមកដល់ និងបន្ទាប់ពីសភាអឺរ៉ុបបានប្រកាសចាត់ទុករុស្ស៉ីជារដ្ឋគាំទ្រភេរវកម្ម។ តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់អ្នកសារព័ត៌មានថាគ្មានឡើយការវាយប្រហារដែលមានគោលដៅលើជនស៊ីវិល ហើយថាគោលដៅវាយប្រហារទាំងដោយផ្ទាល់និងប្រយោលសុទ្ធតែជាគោលដៅយោធា។
មួយវិញទៀត នៅពេលត្រូវបានសាកសួរថា តើការឈឺចាប់របស់ប្រជាជនអ៊ុយក្រែនអាចនឹងបញ្ចប់ដោយបៀបណា? អ្នកនាំពាក្យរូបនេះបាននិយាយថា អ៊ុយក្រែនអាចបិទបញ្ចប់ការឈឺចាប់របស់ប្រជាជនខ្លួនបានដោយបំពេញតាមការស្នើសុំពីរុស្ស៉ី។ កន្លងមក ប្រធានាធិបតីលោក ពូទីន ក៏ធ្លាប់បានបញ្ជាក់ដែរថា រុស្ស៉ីគ្មានចេតនាបំផ្លាញអ៊ុយក្រែនឡើយ តែអ្វីដែលគេកំពុងឃើញនោះគឺការវាយប្រហាររបស់រុស្ស៉ីបានធ្វើឱ្យប្រជាជនអ៊ុយក្រែនគ្មានអគ្គិសនី និងទឹកប្រើប្រាស់គ្រប់គ្រាន់ ខណៈដែលរដូវរងាចូលមកដល់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ REUTERS


ចែករំលែក៖