ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា៖​ ការប្រមូលចំណូលថវិការជាតិ នឹងសម្រេចតាមផែនការគ្រោងទុក

ចែករំលែក៖

ភ្នំពេញ៖ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានមាន​ប្រសាសន៍​នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា​ ក្របខណ្ឌគោលនយោបាយឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ដែល​បានរៀបចំឡើង​ គឺឈរលើមូលដ្ឋាននៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងការដាក់ចេញនូវ​យុទ្ធសាស្រ្ត ផែនការជាច្រើន ដើម្បីធ្វើឱ្យសម្រេចគោលបំណង ជាពិសេសប្រសិទ្ធភាពនៃការប្រមូល​ចំណូល​ចូលថវិកាជាតិ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ​ ក៏បា​នរំពឹងថា ការប្រមូលចំណូលចូលថវិកាជាតិឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល នឹងសម្រេចបានតាមផែនការគ្រោងទុក ខណៈវិស័យក្នុងស្រុកជាច្រើន អាចបន្តលទ្ធភាពដល់ការប្រមូលចំណូល ។​

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានថ្លែង​បន្តថា​ នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលគ្រោងបង្កើនចំណូលថវិការដ្ឋ​ខ្ពស់ជាងឆ្នាំ២០២២នេះ ​បេីទោះបីការបង្កើនខ្ពស់ក៏ដោយ រាជរដ្ឋាភិបាលនឹងអាចសម្រេចការប្រមូលចំណូលបានតាម​ការ​គ្រោងទុក ​ខណៈវិស័យក្នុងស្រុកជាច្រើន​ អាចបន្តលទ្ធភាពដល់ការប្រមូលចំណូលជូនរដ្ឋ ជា​ពិសេស​អាជីវកម្មជាច្រើន ​ដែលមិនទាន់បានបង់ពន្ធ ​ប្រសិនវិស័យទាំងនេះចូលមកក្នុងប្រព័ន្ធ ហើយ​ក្រុមហ៊ុន រោងចក្រ សហគ្រាស អាចប្រកួតប្រជែងគ្នា ប្រកបដោយយុត្តិធម៌ និងបរិយាបន្ន។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលក្នុងប្រទេសថវិការដ្ឋ ​ឬថវិកាជាតិ ​ត្រូវបានគ្រោងប្រមាណជាង ២២​ ភាគរយ នៃផសស, មានកំណើនជាង ១៤ ភាគរយ ​ធៀបនឹងច្បាប់ឆ្នាំ ២០២២ ។ នេះបេី​យោងតាមសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ ដោយឡែក​ចំពោះ​ការចំណាយ​សរុបថវិការដ្ឋ ​ឬថវិកាជាតិ ​ក៏ត្រូវបានគ្រោង ស្មើជិត ​៣០ នៃ ផសស, មាន​កំណើន ១៣ ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០២២ផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖