ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង អរគុណចំពោះជំនួយកូរ៉េដល់មន្ទីរពេទ្យបង្អែកជើងឯកដែលរាជធានីភ្នំពេញកំពុងចង់បានបំផុត

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចាត់ទុកជំនួយរបស់កូរ៉េជូនមន្ទីរពេទ្យបង្អែកជើងឯកគឺជាជំនួយដែលរាជធានីភ្នំពេញចង់បានបំផុត។  

ក្នុងជំនួបពិភាក្សាជាមួយប្រតិភូអង្គការKOICA កូរ៉េ ដឹកនាំដោយលោក Rho Hyun Jun នាយកប្រចាំប្រទេសរបស់នៃទីភ្នាក់ងារ KOICA នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ ជំនួយដែលសាធារណរដ្ឋកូរ៉េ បានជួយដល់មន្ទីរពេទ្យបង្អែកជើងឯក ខណ្ឌដង្កោគឺជាជំនួយដែលរដ្ឋបាលរាជធានីភ្នំពេញចង់បានបំផុតដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក៏ដូចបងប្អូនមកពីតាមបណ្តាខេត្តនានាមករកសេវាសុខាភិបាលនៅរាជធានីភ្នំពេញដែលមានការកើនឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។ 

លោកអភិបាលរាជធានីបានបង្ហាញពីការគាំទ្រពេញទំហឹង និងផ្តល់កិច្ចសហ ការដល់ដំណើរការគម្រោងកែលម្អមន្ទីរពេទ្យបង្អែកជើងឯកនេះទៅតាមស្តង់ដារបច្ចេកទេស និងគាំទ្រទៅលើការសាងសង់អគារមន្ទីរពេទ្យថ្មី និងគាំទ្រឱ្យមានការសាងសង់កម្ពស់លើសពី៤ជាន់ទៅតាមតម្រូវការជាក់ស្តែង និងត្រៀមលក្ខណៈសិក្សាទៅលើការឈានទៅ ដាក់មន្ទីរពេទ្យនេះដល់កម្រិតទី៣។       

    លោក Ro Hyun Jun បានលើក ឡើងថា៖ Koica បានដាក់ចេញគម្រោង៣ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ រួមមាន៖ ការសាងសង់អគារថ្មី, ការបំពាក់ឧបករណ៏បរិក្ខារពេទ្យ និងការបណ្តុះបណ្តាលជំនាញបន្ថែមដល់បុគ្គ លិកមន្ទីរពេទ្យ។  លោកRoបានឱ្យដឹងទៀតថា៖ គម្រោងនេះគ្រោងនឹងចំណាយថវិកា១១លានដុល្លារសហរដ្ឋអាមេរិក។ភាគី Koica បានចាប់អារម្មណ៍លើភាពទាក់ទាញសម្រាប់អ្នកជំងឺមិនចង់ឱ្យពួកគាត់ទៅហួស មកហួស ឬទៅរកតែមន្ទីរពេទ្យធំៗនៅកណ្តាលក្រុង។ដូច្នេះការបំពាក់បរិក្ខារពេទ្យ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រួមនឹងក្រុមគ្រូពេទ្យជំនាញគឺជារឿងចាំបាច់៕

ដោយ ៖ សំរិត


ចែករំលែក៖