ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សភានៃព្រះរាជាណា- ចក្រកម្ពុជា បានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន” (Advancing Together for Sustainable, Inclusive and Resilient ASEAN) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជា- ណាចក្រកម្ពុជា។
នៅមុនពិធីបើកមហាសន្និបាត នាយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការប្រតិបត្តិអោយប៉ាបានរៀបចំ កិច្ចប្រជុំក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣ រួមជាមួយ ប្រធានសភា អនុប្រធានសភា និងសមាជិក នៃបណ្តាប្រទេសអន្តរសភាអាស៊ាន (AIPA) ចំនួន៨ប្រទេស រួមមាន ព្រុយណេដារូស្សាឡាម ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម និង កម្ពុជា ព្រមទាំងអគ្គលេខាធិការអាយប៉ា។ អង្គប្រជុំបានឯកភាពជ្រើសតាំង ឯកឧត្តម ឈួន លីប៉ៃ (Chuan LEEKPAI) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ ជាអនុប្រធានអង្គប្រជុំ។
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិបានពិភាក្សា និងអនុម័តលើរបៀបវារៈនៃមហាសន្និបាតអាយប៉ាលើកទី៤៣ និងផែនការសកម្មភាពសម្រាប់កិច្ចប្រជុំតាមគណៈកម្មការជំនាញ នៃមហាសន្និបាតអោយប៉ាលើកទី៤៣ ដូចជា កិច្ចប្រជុំ គណៈកម្មាធិការសមាជិកសភាស្ត្រអាយប៉ា កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ច ប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច កិច្ចប្រជុំគណៈកម្មាធិការរៀបចំ កិច្ចប្រជុំដៃគូសន្ទនារវាង សភាអាយប៉ាជាមួយសភាសង្កេតការណ៍ កិច្ចសវនាការរវាងប្រតិភូអាយប៉ា និងអគ្គលេខាធិការអាស៊ាន។ កិច្ចប្រជុំបាន សម្រេចឱ្យប្រទេសឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអាយប៉ាលើកទី៤៤ ក្នុងខែសីហា ឆ្នាំ២០២៣និងស្វាគមន៍ សំណើចូលជាសភាសង្កេតការណ៍របស់ សភានៃប្រទេស៤ ព្រមទាំងស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តា សភាមិនចូលបក្សសម្ព័ន្ធនិងសភាសហគមន៍អឺរ៉ុប ដោយអនុញ្ញាតឱ្យអគ្គលេខាធិការដ្ឋាន អាយប៉ា បន្តធ្វើការជាមួយនឹង អគ្គលេខាធិការដ្ឋាន នៃសភាទាំងពីរ។
កិច្ចប្រជុំក៏បានអនុម័តដាក់បញ្ចូល សេចក្តីសម្រេចចិត្តបន្ទាន់ ដែលស្នើដោយឥណ្ឌូនេស៊ី ស្ដីពីការជំរុញឱ្យមាន ការអនុវត្តក្រមប្រតិបត្តិ៥ចំណុចរបស់អាស៊ាន ចំពោះដំណោះស្រាយនៅមីយ៉ាន់ម៉ា ទៅក្នុងរបៀបវារៈនៃគណៈកម្មាធិការ នយោបាយផងដែរ។
នៅមុនពិធីបើក នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ បានអនុញ្ញាតឱ្យប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ា។
អគ្គលេខាធិការអាយប៉ា ប្រធានគណៈប្រតិភូសភាសង្កេតការណ៍អាយប៉ា និងគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ ចូលជួបសម្តែងការគួរសម ដាច់ដោយឡែកពីគ្នា។
សម្តេចប្រធានអាយប៉ាលើកទី៤៣ បានគូសបញ្ជាក់ថា វត្តមានគណៈប្រតិភូទាំងអស់ មិនត្រឹមតែផ្ដល់កិត្តិយស និងលើកទឹកចិត្តដល់ សភាកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកធ្វើឱ្យមហាសន្និបាតអោយប៉ាលើកទី៤៣នេះ ទទួលបានជោគជ័យផងដែរ។
ពិធីបើកមហាសន្និបាតជាផ្លូវការ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានព្រះរាជសារ ស្វាគមន៍របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ជូនដល់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣នេះ ជាមួយនឹងការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតអោយប៉ាលើកទី៤៣ ជាមួយនឹងវត្តមានគ ណៈប្រតិភូអាយប៉ា សភាសង្កេតការណ៍ និងភ្ញៀវជាតិ អន្តរជាតិប្រមាណ៤០០នាក់ បានចូលរួមយ៉ាងអធិកអាធម។
ព្រះរាជសាររបស់ព្រះមហាក្សត្របានលើកឡើងថា មូលបទនៃមហាសន្និបាត “បោះជំហានជាមួយគ្នា ដើម្បី និរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ានពិតជាសមស្រប និងទាក់ទងទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន ដែលតំបន់របស់យើងកំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន។ ការជួបជុំនេះពិតជាឆ្លុះបញ្ចាំងពីស្មារតីសាមគ្គី ឯក ភាព និងការប្តេជ្ញាចិត្តក្នុងការជម្នះលើបញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ដើម្បីឆ្ពោះទៅការ សម្រេចបាននូវអនាគតមួយប្រកបដោយសន្តិភាព វិបុលភាពសម្រាប់តំបន់។
ចំណែកក្នុងសុន្ទរកថារបស់សម្ដេចប្រមុខស្ថាប័នកំពូលរបស់ជាតិ សុទ្ធតែបានលើកឡើងពីបញ្ហាប្រឈមជាច្រើន ដែលតំបន់ ក៏ដូចជាពិភពលោកកំពុងជួបប្រទះ និងគូសបញ្ជាក់ អំពីភាពចាំបាច់នៅក្នុងការធ្វើសកម្មភាពរួមគ្នា ក្នុងស្មារតី ឯកភាពអាស៊ាន ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមរួម ជាពិសេសអង្គការនីតិប្បញ្ញត្តិ ពិតជាមានតួនាទីសំខាន់ និងមិន អាចខ្វះបាន ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកលនេះ។
ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ទាំងនេះ អាយប៉ាគួរតែជំរុញឆន្ទៈកាន់តែមោះមុត ក្នុងការពង្រឹងប្រព័ន្ធពហុភាគី និយមឡើងវិញ ឱ្យកាន់តែមានភាពបើកចំហ និងផ្អែកលើច្បាប់ ខណៈពេលដែលយើងបន្តពង្រឹងភាពជាដៃគូ ពហុភាគី និងកិច្ច សហការអន្តរវិស័យ ដើម្បីធានាថា សហគមន៍អាស៊ានរបស់យើងប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។
នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអាយប៉ាលើកទី៤៣ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ បានអនុម័តជូនប្រធានគណៈប្រតិភូសភាសមាជិកអោយប៉ាទាំង៨ប្រទេស ជាអនុប្រធានសម័យប្រជុំពេញអង្គ នៃមហា- សន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣។
ក្នុងសម័យប្រជុំពេញលើកទី១ វគ្គទី១ ដំណើរការដោយការធ្វើសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូអាយប៉ាទាំង៨ ប្រទេស និងសេចក្តីថ្លែងការណ៍របស់ឯកឧត្តម អគ្គលេខាធិការរងអាស៊ាន និងលោកជំទាវ អគ្គលេខាធិការអាយប៉ា។
សម័យប្រជុំពេញអង្គលើកទី១ វគ្គបន្ត ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ ដោយអង្គប្រជុំ បានទទួលស្តាប់សេចក្ដីថ្លែងការណ៍របស់គណៈប្រតិភូនៃសភាសង្កេតការណ៍ ចំនួន ១៣ប្រទេស និងភ្ញៀវកិត្តិយស និងអង្គការដៃគូរបស់អោយប៉ា ចំនួន ៧ ប្រទេស/ស្ថាប័ន ផងដែរ។
ជាមួយគ្នានេះមហាសន្និបាត ក៏មានកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញ ដែលដំណើរការប្រកបដោយជោគជ័យ គួរជាទីមោទនផងដែរ មានដូចជា៖
កិច្ចប្រជុំគណៈកម្មាធិការសភាស្តីអាយប៉ា(WAIPA) ដឹកនាំដោយ លោកស្រី ឡោក ខេង តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធាន គណៈកម្មាធិការស្ត្រី WAIPA នៃមហាសន្និបាតអន្តរសភា លើកទី៤៣ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកកិច្ចប្រជុំ។ បន្ទាប់មក លោកស្រី សាប្រ៊ីណា កាហ្វារ៉ូវ៉ា (Sabrina Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងនាមជាប្រទេសអ្នកសង្កេតការណ៍សម្រាប់កិច្ចប្រជុំនេះ ក៏បានចូលរួម ថ្លែងសុន្ទរកថាគន្លឹះ កិច្ចប្រជុំនេះផងដែរ កិច្ចប្រជុំប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសមិត្តភាព ឯកភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ដោយបានឯកភាពលើសេចក្ដីព្រាងសេចក្តីសម្រេចចំនួន៣។
កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា (YPA) ដឹកនាំដោយ លោក ហ៊ុន ម៉ានី ជាប្រធាន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសភាវ័យក្មេង នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បានថ្លែង សុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំ។ ប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា បានពិភាក្សានិងឯកភាពលើសេចក្ដីព្រាងសេចក្ដីសម ច ចំនួន១។
– កិច្ចប្រជុំគណៈកម្មាធិការនយោបាយអាយប៉ា ដឹកនាំ ដោយ លោក ហ៊ុន ម៉ានី ជាប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃមហាសន្និបាតអោយប៉ាលើកទី៤៣ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំគណៈកម្មាធិការនយោបាយបានបញ្ចប់ទៅដោយរលូន ក្នុងបរិយាកាស សាមគ្គីភាព និងកិច្ចសហ-ប្រតិបត្តិការល្អ ដោយបានពិភាក្សា និងឯកភាពលើសេចក្តីព្រាងសេចក្ដីសម្រេចចំនួន ០៥ ។
– កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា ដឹកនាំដោយ លោក ឈាង វុន ជាប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច នៃមហាសន្និបាតអាយប៉ា លើកទី៤៣ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចនៃមហាសន្និបាតអាយប៉ា លើកទី៤៣ បានពិភាក្សា និងឯកភាពលើសេចក្តី ព្រាងសេចក្ដីសម្រេចចំនួន ០៣ ។
– កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ា ដឹកនាំដោយ លោក យ៉ង់ សម ជាប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច នៃមហាសន្និបាតអាយប៉ា លើកទី៤៣ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច នៃមហាសន្និបាតអាយប៉ា លើកទី៤៣ បានពិភាក្សា និងឯកភាពលើសេចក្តី ព្រាងសេចក្តីសម្រេចចំនួន៤។
– កិច្ចប្រជុំគណៈកម្មាធិការរៀបចំ ដឹកនាំដោយ លោក ឈិត គឹមយាត ជាប្រធានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការរៀបចំ នៃមហាសន្និបាតអាយប៉ា លើកទី៤៣ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំបានពិភាក្សា និងឯកភាពលើសេចក្ដីព្រាងសេចក្តីសម្រេចចំនួន២១។
សូមអាននូវខ្លឹមសារ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ទាំងស្រុងដូចខាងក្រោម ៕
ដោយ : សិលា