ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំពិភាក្សាដើម្បីលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ដល់ក្រុងកំពង់ចាម និងការត្រៀមបើកការដ្ឋានសាងសង់នាពេលខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ នាទីស្ដីការក្រសួង នៅថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី១ នៃគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ ដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងមន្ត្រី ជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។ 

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ១) ណែនាំសមាសភាពក្រុមការងារក្រសួងសាធារណការ និង ដឹកជញ្ជូន ទៅកាន់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីឱ្យក្រុមការងារទាំងពីរអាចសហការការងារបានរលូនប្រកបដោយប្រសិទ្ធភាព ២)ធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ ដល់ក្រុងកំពង់ចាម និង ៣) បែងចែកក្រុមការងារសម្រាប់ដោះស្រាយការងារបន្ទាន់ ការរៀបចំសណ្ដាប់ធ្នាប់ទីតាំងការដ្ឋាន និងត្រៀមផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋអំពីការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧នេះនាពេលឆាប់ៗខាងមុខ។ 

សូមជម្រាបជូនថា គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ មានប្រវែង ៤៥,៥០ គីឡូម៉ែត្រ គិតចាប់ ពីស្គន់ ដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពង្រីកទៅជាផ្លូវ៤គន្លង (ពីរគន្លងទៅពីរគន្លងមក) គ្រោងចំណាយថវិកាសរុបប្រមាណ ១១៤,៨៩ លានដុល្លាសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន គ្រោងចំណាយពេលសាងសង់ប្រមាណ៣៦ខែ អនុវត្តការងារសាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន៕

ដោយ : សហការី


ចែករំលែក៖