ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុង ស្រុក

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹក ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលទាំង១៤ក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។ 

មានប្រសាសន៍នាឱកាសនោះដែរ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ថ្លែងនូវការកោតសរសើរ ចំពោះលោក លោកស្រីដែលជាអភិបាលរងក្រុងស្រុក ដែលទើបតែទទួលបានភារកិច្ចថ្មី ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អកន្លងមក ដូចនេះត្រូវតែបន្តប្រឹងប្រែងទៅមុខទៀត ស្របទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍អង្គភាពរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ជាពិសេសត្រូវសហការគ្នា និងគោរពគ្នាទៅវិញទៅមកចំពោះមន្រ្ដីក្រោមឱវាទរបស់ខ្លួន ក៏ដូចជាត្រូវសហការជាមួយថ្នាក់ដឹកនាំរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ។ 

លោកបានធ្វើការណែនាំដល់រដ្ឋបាលក្រុងស្រុកទាំងអស់ ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋាន ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេល និងមានប្រសិទ្ធភាពនូវសកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងន័យជាការបោកបញ្ឆោត ការញុះញង់ អុចអាល ឬចងកំហឹងជាដើម ដោយក្នុងនោះរដ្ឋបាលក្រុង ស្រុក ត្រូវតែធ្វើការបកស្រាយបំភ្លឺ និងផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ដើម្បីការពារប្រជាពលរដ្ឋកុំឱ្យមានការបោកបញ្ឆោត ឬមានការញុះញង់ពីជនអគតិមួយចំនួន ។ 

 លោក បានមានប្រសាសន៍បន្តថា កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ដោយឡែកសម្រាប់រដ្ឋបាលក្រុង ស្រុកទាំង១៤ក្នុងខេត្តបាត់ដំបង មុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាចំនួន៣ ដូចជាការគ្រប់គ្រងការអប់រំកុមារតូច ការគ្រប់គ្រងការអប់រំបឋមសិក្សា និងការគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ ត្រូវបានផ្ទេរមកឱ្យរដ្ឋបាលក្រុង ស្រុកក តាមរយៈការប្រគល់មុខងារដើម្បីឱ្យរដ្ឋបាលក្រុង ស្រុកមានស្វ័យភាពក្នុងការគ្រប់គ្រង ចាត់ចែង និងការប្រើប្រាស់ធនធានមនុស្សក្នុងវិស័យអប់រំ យុវជន និងកីឡា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយជាលទ្ធផលកន្លងមកនេះ ការផ្ទេរមុខងារគ្រប់គ្រងនេះនៅខេត្តបាត់ដំបង ទទួលបានភាពជោគជ័យគួរជាទីមោទនៈ ។ 

ទន្ទឹមនឹងនោះ លោក ក៏បានធ្វើការណែនាំដល់ចៅសង្កាត់ មេឃុំ ទាំងអស់ត្រូវបន្តខិតខំស្វែងរកជនងាយរងហានិភ័យទាំងអស់ ដើម្បីធ្វើការសម្ភាសន៍ និងផ្ដល់ជាប័ណ្ណសមធម៌ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលងាយរងគ្រោះទាំងនោះ អាចបើកថវិកាដែលឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់ និងត្រូវធ្វើការពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីអាចយកទៅធ្វើការប្រើប្រាស់បានក្នុងការចូលរួមចុះឈ្មោះ និងបោះឆ្នោតនាពេលខាងមុខនេះ ៕

ដោយ : សហការី


ចែករំលែក៖