ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចពិជ័យសេនា ទៀ បាញ់ ទទួលជួប រដ្ឋមន្ត្រីក្រសួងការពារជាតិសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាការងារទ្វេភាគី

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្នុងឱកាសអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី ៩ នៅខេត្តសៀមរាប លោក លី ជុងស៊ុប រដ្ឋមន្ត្រីក្រសួងការពារជាតិសាធារណរដ្ឋកូរ៉េ បានចូលជួបពិភាក្សាការងារទ្វេភាគី ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ។

លោក លី ជុងស៊ុប បានថ្លែងអំណរគុណដល់សម្ដេចពិជ័យសេនា ដែលបានរៀបចំទទួលគណៈប្រតិភូក្រសួងការពារជាតិកូរ៉េ និងបានកោតសរសើរចំពោះជោគជ័យ និងសមិទ្ធផលដែលសម្រេចបានដោយ សម្ដេចពិជ័យសេនាបានដឹកនាំដោយជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ។ 

មានមតិឆ្លើយតបវិញសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកម្ពុជា និង សាធារណរដ្ឋកូរ៉េ បានរីកចម្រើនបន្ថែមទៀតក្រោយពីជំងឺរាតត្បាតកូវីដ-១៩ បានថយចុះ។ កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនៅតែបង្កើនទំនាក់ទំនងបានយ៉ាងល្អប្រសើរ ជាមួយនិងការយោគយល់គ្នាទៅវិញទៅមក។  សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ ថ្វីត្បិតតែក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជានិង សាធារណដ្ឋកូរ៉េ មិនបានទៅបំពេញទស្សនកិច្ចដោយផ្ទាល់យ៉ាងណាក៏ដោយ ក៏យើងនៅតែបន្តទំនាក់ទំនង និងជួបសន្ទនាគ្នា តាមបញ្តាញសង្គមផ្សេងៗដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្ដេចពិជ័យសេនា បានថ្លែងអំណរគុណដល់ក្រសួងការពារជាតិកូរ៉េ ដែលបានផ្ដល់អាហារូបករណ៍ ជួយបណ្ដុះបណ្ដាល សិក្ខាកាម កងយោធពលខេមរភូមិន្ទ ជាបន្តបន្តបន្ទាប់ មានរយៈពេលវែង និងរយៈពេលខ្លី ដែលមកដល់ពេលនេះ មាននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន ៥៧ នាក់ បានទៅសិក្សានៅប្រទេសកូរ៉េ ។ តាមរយៈជំនួបនោះសម្ដេចពិជ័យសេនា បានស្នើសុំដល់ លោក រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េ ឲ្យជួយជំរុញបង្កើនចំនួនអាហារូបករណ៍ដល់កម្ពុជាបន្ថែមទៀត នាឆ្នាំបន្តបន្ទាប់។ដោយឡែកនៅឆ្នាំ ២០២៣ ខាងមុខ ភាគីកម្ពុជា នឹងអញ្ជើញ នាយទាហានសាធារណរដ្ឋកូរ៉េចំនួន ២ រូប មកសិក្សាភាសាខ្មែរនៅកម្ពុជាផងដែរ។  លោករដ្ឋមន្ត្រីការពារជាតិកូរ៉េ បានកោតសរសើរ សម្ដេចពិជ័យសេនា ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានដឹកនាំកន្លងមកទទួលបានលទ្ធផលជាផ្លែផ្កា ហើយឯកឧត្តមសង្ឃឹមថាកម្ពុជានឹងបន្តតួនាទីសំខាន់ៗបន្ថែមទៀត ក្នុងការអភិវឌ្ឍសហគមន៍អាស៊ាន។ លោកបានសម្ដែងនូវជំនឿជឿជាក់ថា៖ កិច្ចសហប្រតិការរវាងសាធារណរដ្ឋកូរ៉េនិងកម្ពុជា នឹងក្លាយទៅជាសសរស្ដម្ភមួយដ៏សំខាន់ដើម្បីជំរុញបង្កើនសមត្ថភាពនៃកិច្ចសហកកិច្ចសហប្រតិការរក្សាសន្តិភាពក្រោមឆត្រ័របស់អង្គការសហប្រជាជាតិនៅពេលខាងមុខ។ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក សាធារណរដ្ឋកូរ៉េបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការនៅក្នុងក្រុមការងារជំនាញដូចជាក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាព វិស័យសន្តិសុខសមុទ្រ វិស័យសន្តិសុខព័ត៌មានវិទ្យា ក្នុងនោះបានចូលរួមកិច្ចសហប្រតិបត្តការនៅក្នុងតំបន់ថែមទៀត។ ដើម្បីជំរុញឲ្យកិច្ចសហការនេះកាន់តែឈានទៅមុខបន្ថែមទៀត លោក បានស្នើដល់កម្ពុជា អោយជួយសម្របសម្រួលធ្វើយ៉ាងណា អាចមានកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិសាធារណរដ្ឋកូរ៉េ ជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅពេលខាងមុខផងដែរ។

នៅក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ និង លោក លី ជុងស៊ុប រដ្ឋមន្ត្រីក្រសួងការពារជាតិសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាអនុសារណៈយោគយល់ស្តីពីប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋកូរ៉េ និងផ្ទេរប្រគល់សម្ភារៈគ្រឿងចក្រក្រោមគំរោងត្រីភាគីអង្គការសហប្រជាជាតិ ៕

ដោយ : សហការី


ចែករំលែក៖