ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី០១ ខែធ្នូ តទៅ ! នគរបាលលើផ្លូវល្បឿនលឿន នឹងអនុវត្តវិធានការពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់

ចែករំលែក៖

ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងជាអ្នកដឹកនាំកម្លាំងនគរបាលប្រចាំការ លើផ្លូវល្បឿនលឿន បានបញ្ជាក់អោយដឹងថា, ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២តទៅ នគរបាលចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្ដើមរឹតបណ្ដឹងចំពោះការបើកបររបស់ប្រជាពលរដ្ឋលើផ្លូវល្បឿនដោយធ្វើការត្រួតពិនិត្យល្បឿន និងអនុវត្តវិធានការផាកពិន័យចំពោះអ្នកបើកបរល្មើស ។ 

សូមបញ្ជាក់ថា,  លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២  បានបញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងនគរបាលផ្លូវល្បឿនលឿន និងធ្វើការត្រួតពិនិត្យល្បឿន និងមានវិធានការផាកពិន័យ បទល្មើស ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះតទៅ ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ចៀសវាងការបើកបរលើសល្បឿនកំណត់»។

អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍រូបនេះ បានលើកឡើងថា ការផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់ នៅលើផ្លូវល្បឿនលឿននេះ គឺធ្វើឡើងក្នុងគោលដៅធានាដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងក្រោយមើលឃើញថា អ្នកបើកបរមួយចំនួនហាក់សប្បាយរីករាយជាមួយនឹងការបើកបរលើសល្បឿនកំណត់ ដោយភ្លេចខ្លួនថា គ្រោះថ្នាក់អាចកើតឡើងបានគ្រប់ពេលវេលា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន សូមបើកបរដោយគោរពច្បាប់ បើកបរត្រឹមត្រូវទៅតាម គន្លងវ៉ាជែង គន្លងធម្មតា នឹងមិនត្រូវបើកបរលើគន្លងអាសន្ននោះទេ។ 

សូមរម្លឹកថា, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានដាក់ឱ្យដំណេីរការប្រេីប្រាស់ កាលពីថ្ងៃទី០៩  វិច្ឆិកា ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក លីខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ។ 

ផ្លូវនេះមានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលតួផ្លូវមានទទឹង ២៤ម៉ែត្រ មាន ៤គន្លង (២ទៅ ២មក) និងគន្លងឈប់បន្ទាន់ (១ទៅ ១មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មក ផ្លូវ ជាតិ លេខ ៤ ចំនួន ៦កន្លែង មាន  កន្លែង ឈប់សម្រាក ៣កន្លែង និងចំណតរថយន្ត ១កន្លែង ផងដែរ។

បងប្អូនអ្នកបើកបរទាំងអស់អាចធ្វើដំណើរ និងដឹកជញ្ជូនទំនិញ លើផ្លូវមួយខ្សែនេះប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការចំណាយដឹកជញ្ជូន និងចំណេញពេលវេលាធ្វើដំណើរ មកត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលកន្លងមកត្រូវចំណាយពេលពី ៥ទៅ ៦ម៉ោង តាមផ្លូវជាតិលេខ៤៕

ដោយ : សហការី


ចែករំលែក៖