ភ្នំពេញ ៖ អភិបាលរងខណ្ឌចំការមន អំពាវនាវដល់ តំណាងមន្ទីរ អង្គការ សប្បុរសជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយគាំទ្រដល់គម្រោងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់ខណ្ឌ-សង្កាត់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ការអំពាវនាវរបស់លោក ហ៊ត វ៉ាន់ធី អភិបាលរង ក្នុងនាមតំណាងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ដូចនេះ ក្នុងសិក្ខាសាលាសមាហរណកម្មវិនិយោគ បីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលសង្កាត់ និងខណ្ឌ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្ដមានលោក សាំង សុផាត អនុប្រធានមន្ទីរផែនការរាជធានី តំណាងឱ្យសាលារាជធានីភ្នំពេញ និងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធ និងអង្គការដៃគូរផងដែរ ។
លោកអភិបាលរងខណ្ឌ បានបញ្ជាក់ថា សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាព ៣ឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខណ្ឌ និងស្នើសុំការគាំទ្រពីមន្ទីរអង្គភាព អង្គការដៃ គូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដែលចាប់អារម្មណ៍លើគម្រោងណាមួយ ទោះតិច ឬច្រើនក្ដី សូមបញ្ជាក់ការឆ្លើយតប ដើម្បីឱ្យក្រុមការងារធ្វើការបូកសរុបចំនួនគម្រោង ដែលមានការសន្យាគាំទ្រ ហើយកិច្ចការនេះ គឺជាដំណើរការមួយនៃការអនុវត្ដច្បាប់ សំដៅពង្រឹងអង្គភាពរបស់រដ្ឋ ដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈ ក្នុងដែនដីរបស់ខ្លួន ។
លោក ហ៊ត វ៉ាន់ធី ក៏បានអំពាវនាវដល់តំណាងមន្ទីរ អង្គភាព អង្គការ សប្បុរសជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយគាំទ្រដល់គម្រោងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់ខណ្ឌ និងគម្រោងផែនការអាទិភាពរបស់សង្កាត់ ក្នុងឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមអនុវត្តន៍គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែប្រសើរឡើង ។
ជាមួយគ្នានេះដែរ លោក សាំង សុផាត បានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ពីសិក្ខាសាលាមួយនេះ ដោយលើកឡើងថា និងជួយតម្រង់ទិសរាល់សកម្មភាពរបស់រដ្ឋបាលខណ្ឌចំការមន អោយដំណើរស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍របស់ជាតិ ។
សូមជម្រាបថា គម្រោងដែលមានការគាំទ្រពីមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការនានា សម្រាប់អនុវត្តឆ្នាំ២០២៣ រួមមាន៖
១-គម្រោងរបស់រដ្ឋបាលខណ្ឌ ដែលមានការគាំទ្រ ចំនួន ១២៤គម្រោង។
២-គម្រោងសកម្មភាពអាទិភាពរបស់សង្កាត់ទាំង០៥ មានការគាំទ្រ ចំនួន ១៩៥គម្រោង ៕
ដោយ៖ ជីណា