ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតសម្តេចតេជោ ជូនកិច្ចប្រជុំថ្នាក់ដឹកនាំភាគី (ស្ថាប័ន) ប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក ASEAN-PAC) លើកទី១៨

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ជូនកិច្ចប្រជុំថ្នាក់ដឹកនាំភាគី (ស្ថាប័ន) ប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក ASEAN-PAC) លើកទី១៨ រាជធានីភ្នំពេញ ថ្ងៃទី ២២-២៣ ខែ វិច្ឆិកា ឆ្នាំ ២០២២។

សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកកម្ពុជា ជូន កិច្ចប្រជុំថ្នាក់ដឹកនាំភាគី (ស្ថាប័ន) ប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក ASEAN-PAC) លើកទី 18 រាជធានីភ្នំពេញ ថ្ងៃទី ២២-២៣ ខែ វិច្ឆិកា ឆ្នាំ ២០២២

លោកកិត្តិនីតិកោសលបណ្ឌិត លោកស្រី ដាក់ ទិន លោក តាន់ស្រីដាក់តុ លោកនាយឧត្តម សេនីយ៍នគរបាលជាតិ លោកបណ្ឌិត លោក លោកស្រី ជាដំបូងនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារូបខ្ញុំផ្ទាល់ – សូមស្វាគមន៍ និងសាទរការ អញ្ជើញមកដល់រាជធានីភ្នំពេញ របស់ប្រតិភូជាភាគីប្រឆាំងអំពើពុករលួយអាស៊ានលើកទី ១៨ ដែលកម្ពុជា ទទួល

៊ជាប្រធានប្តូរវេនពីខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ រហូតដល់ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។

ក៏ដូចជាកិច្ចប្រជុំថ្នាក់ដឹកនាំលើកមុនៗដែរ កិច្ចប្រជុំថ្នាក់ដឹកនាំភាគីប្រឆាំងអំពើពុករលួយអាស៊ានទាំង ១០ ប្រទេស ពិតជានាំមកនូវសារៈសំខាន់ និងថាមពលបន្ថែមទៀតដល់អាស៊ាន ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុក រលួយ ការពង្រឹងសមត្ថភាពស្ថាប័នរបស់ខ្លួន និងការសហការគ្នារវាងស្ថាប័នប្រឆាំងអំពើពុករលួយ និងស្ថាប័ននានា ក្នុងប្រទេសនិងរវាងស្ថាប័នប្រឆាំងអំពើពុករលួយនៃប្រទេសនីមួយៗក្នុងក្របខណ្ឌប្រទេសនិងក្នុងក្របខណ្ឌអាស៊ាន ។

ខ្ញុំសូមកោតសរសើរ លោកស្រី ដាក់ ទិន នាយកការិយាល័យប្រឆាំងអំពើពុករលួយព្រុយណេដារូហ្សាឡឹម ដែលពេញមួយឆ្នាំកន្លងមក បានបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវ សម្រេចបានជោគជ័យ ក្នុងឋានៈជា ប្រធានប្តូរវេន ។ ខ្ញុំក៏សូមសំណូមពរអង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជណាចក្រកម្ពុជា បន្តការទទួលខុស ត្រូវ និងខិតខំបំពេញការងារ ដើម្បីសម្រេចឱ្យបានជោគជ័យជាបន្តបន្ទាប់ទៀត តាមស្មារតី និងការឯកច្ឆ័ន្ធរបស់អាស៊ាន- ផេក ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ព្រះរាជាណាចក្រកម្ពុជា ទើបប្រារព្ធនូវព្រឹត្តិការណ៍ដ៏ធំប្រចាំអាស៊ាន នោះគឺកិច្ចប្រជុំកំពូលអាស៊ាន លើក ទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៖ – កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី ២៥ កិច្ច ប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី ២៣ កិច្ចប្រជុំអាស៊ានបូក ៣- លើកទី ២៥ កិច្ចប្រជុំកំពូលរំលឹកខួប ៣០ ឆ្នាំ នៃទំនាក់ទំនងនិងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូល អាស៊ានសហរដ្ឋអាមេរិកលើកទី ១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី ២ កិច្ចប្រជុំកំពូលរំលឹកខួបនៃទំនាក់ ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៧ ផងដែរ ។ នេះគឺជាមោទនភាពមួយរបស់អាស៊ាន ដែលកម្ពុជាជាប្រធានប្តូរវេន បានបង្ហាញជាថ្មីពីមិត្តភាព កិច្ចសហ- ប្រតិបត្តិការដ៏រឹងមាំដែលធានាថា ប្រជាជនយើងអាចរស់រានក្នុងពិភពលោកមួយដោយសុខដុមរមនា និងសន្តិភាព ។

វត្តមានរបស់មេដឹកនាំកំពូលៗរបស់អាស៊ាន និងរបស់ពិភពលោកនៅកម្ពុជាថ្មីៗនេះ ក៏បានបង្ហាញទៀតថា ក្រោម មូលបទ អាស៊ានរួមគ្នាធ្វើ រួមដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា យើងពូនជ្រុំតាមរយៈដំណោះស្រាយរួមរបស់យើង សម្រាប់បញ្ហាប្រឈមរបស់តំបន់ និងពិភពលោក ។ បញ្ហាច្រើនណាស់ដែលកិច្ចប្រជុំកំពូលបានពិភាក្សា ទោះលំបាកៗ តែមានផ្លែផ្កា។ ជារួម នេះជាជោគជ័យរួមរបស់អាស៊ាននិងពិភពលោកហើយមិនមែនគ្រាន់តែជាជោគជ័យរបស់ កម្ពុជាដោយឡែកនោះទេ។ កម្ពុជាបានបំពេញសព្វគ្រប់ប្រកបដោយការទទួលខុសត្រូវ ខិតខំរកគ្រប់វិធីទាំងរូបភាព ទាំងខ្លឹមសារ ទាំងការសម្របសម្រួល ការរៀបចំ និងការធានានូវបរិស្ថានដ៏កក់ក្ដៅជាច្រើនបន្ថែមទៀត សម្រាប់ជោគ ជ័យនេះ ។ កិច្ចប្រជុំកំពូលខ្លះត្រូវប្រឈមបញ្ហាក្ដៅ ដូចជាកិច្ចប្រជុំអាស៊ីបូព៌ា តែគ្មានការតានតឹងដាក់គា្ន គ្មានសំដីប៉ះ ទង្គិចគ្នា ស្តាប់គ្នាទៅវិញទៅមក ស័ក្តិសមជាថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកដែលមានភាពចាស់ទុំ ។ 

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

អ្វីដែលខ្ញុំរៀបរាប់អំពីជោគជ័យថ្មីៗនេះរបស់អាស៊ាន អំពីមិត្តភាព កិច្ចសហប្រតិបត្តិការរឹងមាំរបស់អាស៊ាន ដែលជាមោទនភាពថ្មីៗទៀតរបស់អាស៊ានចេញពីព្រឹត្តិការណ៍រាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែ · វិច្ឆិកា ឆ្នាំ ២០២២ គឺខ្ញុំមានគោលបំណងនិងសំណូមពរដល់កិច្ចប្រជុំស្ថាប័នវិស័យនានាផ្សេងៗរបស់អាស៊ាន ឬ អង្គភាពភ្ជាប់ខ្លួនជាមួយអាស៊ាន ដែលត្រូវផ្ដើមកិច្ចប្រជុំថ្នាក់ដឹកនាំរបស់ខ្លួន សូមខិតខំនាំមកនូវជោគជ័យថែមទៀត ជូនមកដល់អាស៊ានរបស់យើង ។ កាលពីថ្ងៃ ១៦-១៧ និងទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅខេត្តសៀមរាប កិច្ចប្រជុំ សិទ្ធិមនុស្សអាស៊ានអាយឆា (AICHR) និងការរំលឹកខួប ១០ ឆ្នាំ នៃសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តី ថ្លែងការណ៍ភ្នំពេញស្តីពីការអនុវត្តសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានក៏បានប្រារព្ធប្រកបដោយជោគជ័យ ។ ថ្ងៃនេះ ថ្ងៃទី ២២ ខែ វិច្ឆិកា

ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ មានកិច្ចប្រជុំថ្នាក់ដឹកនាំប្រឆាំងអំពើពុករលួយអាស៊ាន ហើយ នៅឯអតីតរាជធានីអង្គរវិញ គឺខេត្តសៀមរាប ក៏មានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយ ចំនួនទៀតរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ានផងដែរ ។ 

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

កិច្ចប្រជុំថ្នាក់ដឹកនាំភាគីប្រឆាំងអំពើពុករលួយអាស៊ាន-ផេក (ASEAN-PAC) លើកទី១៨ នេះ នឹងបន្ត ការខិតខំប្រឹងប្រែង ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយទាំងក្នុងក្របខណ្ឌប្រទេស និងតំបន់ ហើយនេះក៏ជាសក្ខីភាពនៃការប្តេជ្ញារួមគ្នារបស់ប្រទេសនីមួយៗក្នុងអាស៊ាន ដើម្បីចូលរួមលើកស្ទួយអភិបាលកិច្ចល្អ បង្កើតបរិយាកាសស្អាតស្អំក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជនក្នុងបំណងរួមគ្នាជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ដែលទាំងនោះក៏សុទ្ធសឹងជាបំណងរបស់រាជរដ្ឋាភិបាល រដ្ឋាភិបាល និងប្រជាជននៃយើងទាំងអស់គ្នា ។ រូបខ្ញុំផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលបាន និងបន្តគាំទ្រជានិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយតាមគ្រប់រូបភាព ទាំងការដាក់ ចេញនូវគោលនយោបាយ ការកែទម្រង់ បទប្បញ្ញត្តិ ការប្រើប្រាស់មធ្យោបាយថ្មីៗនៃបច្ចេកវិទ្យា ដើម្បីកាត់បន្ថយ និងលុបបំបាត់បាតុភាពអសកម្ម និងអំពើពុករលួយ ។ ការអប់រំ និងបង្ការទប់ស្កាត់នូវអំពើពុករលួយ ក៏ជាភារកិច្ច របស់គ្រប់ផ្នែក គ្រប់ថ្នាក់ក្នុងព្រះរាជណាចក្រកម្ពុជា ដែលកំពុងផុលផុសតាមអភិក្រម ងាយយល់ ងាយចាំ “ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។ អភិក្រម ៥ នេះ កំពុងត្រូវបានអនុវត្ត មិនត្រឹមតែលើការងារប្រឆាំង អំពើពុករលួយតែមួយមុខនោះទេ គឺលើគ្រប់វិស័យនៃការងារទាំងអស់ ។ ខ្ញុំសូមបញ្ជាក់ជាថ្មី នូវការគាំទ្រ និងការ លើកទឹកចិត្តដល់ស្ថាប័នប្រឆាំងអំពើពុករលួយកម្ពុជា ក្នុងការបន្តពង្រឹងពង្រីកសមត្ថភាព និងផ្តល់កិច្ចសហប្រតិបត្តិ ការយ៉ាងល្អ ទាំងក្នុងប្រទេស ទាំងក្នុងតំបន់ មានន័យថា បំពេញភារកិច្ចជាតិ និងភារកិច្ចរបស់តំបន់ កាតព្វកិច្ចអន្តរ ជាតិ ដែលព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័ន រួមមានអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (អ៊ុនកាក់-UNCAC) ក្រុមការងារហិរញ្ញវត្ថុប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (FATE) អនុស្សរណៈ នៃការយោគយល់គ្នាអាស៊ាន-ផេក និងអនុស្សរណៈនៃការយោគយល់គ្នាផ្សេងៗដែលពាក់ព័ន្ធ។

ខ្ញុំសូមជូនដល់ប្រតិភូទាំងអស់នូវពរជ័យដ៏បវរសួស្តី និងសូមមានសុខភាពល្អ ហើយរួមគ្នាទទួលបាននូវកិច្ច ប្រជុំថ្នាក់ដឹកនាំលើកទី ១៨ នៃអាស៊ាន-ផេក រាជធានីភ្នំពេញ ប្រកបដោយភាពផ្លែផ្កានិងសូមស្នាក់នៅបំពេញការងារ និងទស្សនកិច្ចនៅរាជធានីភ្នំពេញប្រកបដោយផាសុកភាព និងសប្បាយរីករាយ ៕

ដោយ  : សិលា


ចែករំលែក៖