ព័ត៌មានទាន់ហេតុការណ៍៖

សុន្ទរកថាស្វាគមន៍របស់ លោក កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ថ្លែងនៅក្នុងកម្មវិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេក លើកទី១៨

ចែករំលែក៖

ភ្នំពេញ ៖ សុន្ទរកថាស្វាគមន៍របស់ លោក កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក) ថ្លែងនៅក្នុងកម្មវិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេក លើកទី១៨ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh ប្រទេសកម្ពុជា ។

ឯកឧត្តម លោកជំទាវ សហការី និងប្រតិភូអាស៊ាន-ផេក លោក លោកស្រី ទាំងអស់

ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ សហការី និងប្រតិភូ អាស៊ាន-ផេក ទាំង អស់នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំនៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក) លើកទី១៨ រយៈពេល ២ថ្ងៃ ចាប់ពី ថ្ងៃទី ២២ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមអនុញ្ញាតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតប្រធានអាស៊ាន-ផេក ក្រោមការដឹកនាំរបស់លោក Yang Mulia Datin Paduka Hajah Anifa Rafiza Binti Haji ABD Ghani Irumsünsins-ich ប្រកបដោយភាពរលូននិងជោគជ័យនៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ។ ខ្ញុំក៏សូមចូលរួមជាមួយសហការី និងប្រតិភូអា ស៊ាន-ផេកទាំងអស់អបអរសាទរចំពោះលោកជំទាវប្រធាន និងលេខាធិការដ្ឋានអាស៊ាន-ផេកនៃការិយាល័យប្រឆាំងអំពើ ពុករលួយរបស់ប្រទេសប៊្រុយណេដារុស្សាឡាម ចំពោះជោគជ័យក្នុងភារកិច្ចបន្តវេនជាប្រធានអាស៊ាន-ផេកលើការងារ ដឹកនាំ ក៏ដូចជាការអនុវត្តការងារបន្តជនប្រកបដោយប្រសិទ្ធភាព ។

ពេលនេះគឺជាកិត្តិយសដ៏ធំធេងណាស់សម្រាប់អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.) នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលតំណែងបន្តវេនជាប្រធាន អាស៊ាន-ផេក – ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខ។ ជាការពិតណាស់ តំបន់អាស៊ានរបស់យើង ក៏ដូចជាពិភពលោកទាំងមូល កំពុងតែតស៊ូខិតខំប្រឹងប្រែង យ៉ាងមោះមុតជាមួយការស្តារប្រទេសឡើងវិញនៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការ ចាត់វិធានការសុខាភិបាលដ៏ម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយការអនុវត្ត យុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងស្រោចជូនប្រជាពលរដ្ឋបានពេញលេញទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាព ហើយនៅទី បំផុតនាពេលនេះយើងអាចជំនះបានគ្រោះអកុសលជម្ងឺកូវិដ ១៩ នេះ បានឆាប់រហ័ស ។

កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ជេក លើកទី១៨ គឺជាលើកទី២ សម្រាប់អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជាទទួល ធ្វើជាម្ចាស់ផ្ទះ និងជាប្រធាន ដែលកាលពីពេលលើកដំបូង អបព កម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះនិងជាប្រធាននៅឆ្នាំ

២០១០ ហើយចាត់តាំងកិច្ចប្រជុំថ្នាក់ដឹកនាំភាគីប្រឆាំងអំពើពុករលួយអាស៊ីអគ្នេយ៍ នៅខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម លោកជំទាវ សហការី និង ប្រតិភូអាស៊ាន-ជេក ទាំងអស់

ប្រធានបទនៃកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេក លើកទី១៨ នៅឆ្នាំនេះគឺ “ រួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ៖ ការពង្រឹងសមត្ថភាពរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ និងកិច្ចសហប្រតិបត្តិការនៅក្នុងប្រទេសអាស៊ាននីមួយៗ និងក្នុង ក្របខណ្ឌអាស៊ាន-ផេក“។

ប្រធានបទសម្រាប់ឆ្នាំនេះ គឺត្រូវបានលើកយកមករំលេចក្នុងបរិបទស្របគ្នាជាមួយនឹងខ្លឹមសារនៅក្នុងផ្នែកគោល បំណង និងផ្នែកនៃកិច្ចសហប្រតិបត្តិការ ដែលមានចែងក្នុងអនុស្សរណៈនៃការយោគយោល់គ្នារវាងអាស៊ាន-ផេក ឬ ASEAN-PAC MoU ដែលអាស៊ាន-ផេកយើងបានខិតខំប្រឹងប្រែងរួមគ្នាបន្តវេនពីអាណត្តិមួយទៅអាណត្តិមួយទៀតដើម្បី ធ្វើការអភិវឌ្ឍ និងកែសម្រួលលើខ្លឹមសាឡើងវិញ។ តាមរយៈប្រធានបទឆ្នាំនេះ ខ្ញុំសង្ឃឹមថាភាគីនីមួយៗរបស់អាស៊ាន-ផេក អាចទទួលបាននូវអត្ថប្រយោជន៍ពីការចែករំលែក និងការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមកតាមរយៈខ្លឹមសារនៃបទ បង្ហាញរបស់ភាគីនីមួយៗក៏ដូចជាការលើកកម្ពស់គោលដៅរួមគ្នារបស់យើងជាមួយនឹងការបង្កើនសហប្រតិបត្តិការឲ្យ កាន់តែជិតស្និទ្ធវាងភាគីអាស៊ាន-ផេក ក្នុងនាមអាស៊ាន-ផេកជាអង្គភាពតែមួយ និងក្នុងបរិបទនៃភាពជាដៃគូទ្វេភាគី ផងដែរ ។

បន្តវេនពីការិយាល័យប្រឆាំងអំពើពុករលួយរបស់ប្រទេសប៊្រុយណេដារុស្សាឡាមដែលបានរែកពុនអស់រយៈពេល មួយឆ្នាំជាប្រធានប្តូវេនអាស៊ន-ផេក សម្រាប់ឆ្នាំ២០២២និង២០២៣ នេះ អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ខ្ញុំសូម

(១) ថ្លែងនូវការកោតសរសើរ និងគាំទ្រចំពោះការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្រោមការចូលរួមចំណែកពី អតីតប្រធានអាស៊ាន-ផេកក្នុងអាណត្តិមុនៗ និងក្នុងអាណត្តិនៃការិយាល័យប្រឆាំងអំពើពុករលួយនៃប្រទេស ប៊្រុយណេដារូសាឡាមជាប្រធាន ព្រមទាំងភាគីអាស៊ាន-ផេកទាំងអស់ ដើម្បីធ្វើការអភិវឌ្ឍ និងកែសម្រួលលើ ខ្លឹមសាឡើងវិញលើអនុស្សរណៈនៃការយោគយល់គ្នារបស់អាស៊ាន-ផេក ដែលឯកសារអាចនឹងឈានដល់ ការចុះហត្ថលេខានៅថ្ងៃនេះ ឬ ក្នុងអាណត្តិបន្តវេនបន្តបន្ទាប់នាពេលខាងមុខ។

(២) សូមពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន-ផេក ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការកសាង សមត្ថភាពរបស់ស្ថាប័នប្រឆាំងអំពើពុករលួយនៃភាគីនីមួយៗរបស់អាស៊ាន-ផេក។

 (៣) សូមពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីពហុភាគីបន្ថែមទៀតក្នុងចំណោមភាគីនៃអាស៊ាន-ជេក តាមរយៈយន្ត ការទ្វេភាគីដែលមានស្រាប់ ឬផ្អែកលើភាពចាំបាច់ដែលភាគីនីមួយៗចាប់អារម្មណ៍ ។

(៤) ក្រៅពីការអភិវឌ្ឍ និងកែសម្រួលទៅលើខ្លឹមសារ ASEAN-PAC MoU ខាងលើ អាស៊ាន-ផេកក៏នឹងត្រូវបន្ត អភិវឌ្ឍខ្លួនទៅមុខបន្តទៀត តាមរយៈការរៀបចំតាក់តែងឯកសារសំខាន់ៗទាក់ទងនឹងដំណើរការវិវត្តនិងការ ប្រព្រឹត្តិទៅរបស់អាស៊ាន-ផេក ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកែសម្រួលឯកសារពាក់ព័ន្ធសំខាន់ៗចំនួន ០៣ រួមមាន (១) ការកែសម្រួលឯកសារគោល (TOR) (២) ការព្រាងរៀបចំផែនការសកម្មភាពសម្រាប់រយៈ ពេល ៣ឆ្នាំ បន្ទាប់ទៀតគឺ ២០២៣-២០២៥ និង (៣) សកម្មភាពបន្ថែមថ្មីមួយរបស់អាស៊ាន-ផេកគឺការ តាក់តែងជាសេចក្ដីព្រាងកូនសៀវភៅអេឡិចត្រូនិករបស់អាស៊ាន-ផេក (ASEAN-PAC E-Booklet បញ្ចូលទៅ ក្នុងផែនការសកម្មភាពរយៈពេល ៣ ឆ្នាំ (២០២៣-២០២៥) ។ (៦) យោងតាមការសម្រេចរបស់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ នៅរាជធានីភ្នំពេញថ្មីៗកន្លងទៅនេះដែលបានឯកភាពជាគោលការណ៍ទទួលយក ទីម័រឡេស្ត ជាសមាជិកទី១១ របស់អាស៊ានដោយផ្ដល់ឋានៈ ជាប្រទេសសង្កេតការណ៍និងអាចចូលរួមនៅក្នុងរាល់កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ខ្ញុំសូមស្នើកិច្ចប្រជុំ ថ្នាក់ដឹកនាំអាស៊ាន-ផេក យើងនាពេលនេះពិភាក្សាគ្នាអំពីការអញ្ជើញគណៈកម្មការប្រឆាំងអំពើពុករលួយ របស់ ទីម័រ ទ្បេស្ត ចូលជាសមាជិកអាស៊ាន-ផេកសម្រាប់ជាភាគីទី១១។

ក្រៅពីចំណុចដូចបានរៀបរាប់ខាងលើនេះ ខ្ញុំនៅតែយល់ថា ការចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការ រវាងភាគីអាស៊ាន-ផេកទាំងអស់ ការបន្តចូលរួមយ៉ាងសកម្មជាមួយនឹងកម្មវិធី ឬព្រឹត្តិការណ៍របស់អាស៊ាន ព្រមទាំងកិច្ច សហការលើការងារបណ្តុះបណ្តាលសមត្ថភាពជាមួយភាគីជាដៃគូរបស់អាស៊ាន-ផេកនៅតែជាការងារដ៏សំខាន់នៅឡើយ។ ក្នុងឱកាសនៃកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេក លើកទី១៨ នេះ ASEAN-PAC យើងក៏មានកិច្ចជំនួបតាមប្រព័ន្ធអនឡាញ ជាមួយអង្គការ UNODC ប្រចាំតំបន់លើការងារគាំទ្រការរៀបចំសិក្ខាសាលាអាស៊ាន-ផេក សម្រាប់ឆ្នាំ២០២៣ ខាងមុខ នេះដែរ។ ឯកឧត្តម លោកជំទាវ សហការី និង ប្រតិភូអាស៊ាន-ផេក ទាំងអស់

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យើងនឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា តាមរយៈកិច្ចប្រជុំពីរថ្ងៃនេះ។ នៅទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ សហការី និង ប្រតិភូអាស៊ាន-ផេក ទាំងអស់ ស្នាក់នៅប្រកបដោយ ភាពកក់ក្តៅ និងរីករាយជាមួយនឹងកម្មវិធីដំណើរកម្សាន្តក្នុងរាជធានីភ្នំពេញ ហើយសូមប្រកបដោយសុខភាពល្អ ៕

ដោយ : សិលា


ចែករំលែក៖