ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត សៃស៊ុមផន ភូមិវិហាន (Saysomphone Phomvihane) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីលោកបានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បើតាមការឲ្យដឹងពី លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងនៅក្រោយជំនួបនេះថា លោក សៃស៊ុមផន ភូមិវិហាន បានគោរពសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងអបអរចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ជាពិសេសកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចប្រជុំអាយប៉ា ទទួលបានជោគជ័យយ៉ាងធំធេង។
លោកបានសម្តែងនូវក្តីរីករាយចំពោះលទ្ធផលនៃកិច្ចប្រជុំអាយប៉ាលើកទី៤៣ ដែលបានសម្រេចជំរុញឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយគ្នានោះ លោក ក៏បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាលំដាប់ ហើយក៏បានគោរពថ្លែងអំណរគុណក្នុងនាមបក្ស និងក្នុងនាមរដ្ឋ ជូនសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ថវិកា ជាវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ និងរថយន្តដឹកវ៉ាក់សាំង ជួយដល់ប្រទេសឡាវក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុ ន សែន ក៏បានថ្លែងអំណរគុណដល់ លោក សៃស៊ុមផន ភូមិវិហាន ដែលបានមកចូលរួមកិច្ចប្រជុំអាយប៉ា ដោយផ្ទាល់ នៅកម្ពុជា ដែលការចូលរួមនេះឆ្លុះបញ្ចាំងពីការគាំទ្រ និងធ្វើឱ្យកិច្ចប្រជុំអាយប៉ា ទទួលបាននូវភាពជោគជ័យ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបដល់ប្រធានរដ្ឋសភាឡាវ អំពីយុទ្ធសាស្ត្រផ្ការីក ដែលកម្ពុជាបានដាក់ចេញ ក្នុងការអនុវត្តការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឲ្យទទួលបាននូវភាពជោគជ័យរហូតមកដល់ពេលនេះ៕
ដោយ : សិលា