ភ្នំពេញ ៖ នៅរាត្រីថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានរៀបចំលៀងសាយភោជន៍ ជូន លោក សាយសំភូន ភូមវិហាន ប្រធានរដ្ឋសភាឡាវ និងគណៈប្រតិភូ ដែលបានអញ្ជើញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវនៅកម្ពុជានាឱកាសនេះថា មិនត្រឹមផ្តល់នូវកិត្តិយស បង្ហាញនូវការគាំទ្រ និងការរួមវិភាគទានដ៏មានតម្លៃដល់ភាពជោគជ័យ នៃមហាសន្និបាត អាយប៉ាលើកទី៤៣ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានស្រាប់ ជាពិសេសរវាងរដ្ឋសភាទាំងពីរឱ្យកាន់តែប្រសើរ និងស៊ីជម្រៅថែមមួយកម្រិតទៀត។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាបងប្អូនកម្ពុជាឡាវ ដែលមានតំាងពីយូរណាស់មកហើយនោះ ទោះបីនៅក្នុងកាលៈទេសៈនៃការរាលត្បាតជំងឺកូវីដ-១៩ នាពេលកន្លងមយ៉ាងក្តី ក៍ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទំាងពីរតែងតែរកមធ្យោបាយដើម្បីជួបប្រាស្រ័យទាក់ទងគ្នា ដូចជាការជួបគ្នាតាមអនឡាញ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិជាមួយគ្នាជាប់ជាប្រចាំ។
សម្តេចបានបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ បក្ស និងប្រជាជន បានឆ្លុះបញ្ចាំងនូវអត្ថន័យដ៏ជ្រាលជ្រៅ នៃទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយបានផ្តល់នូវឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។
ក្នុងពិធីលៀងសាយភោជន៍នាឱកាសនេះ សម្តេចប្រធានរដ្ឋសភា និង លោក សាយសំភូន ភូមវិហាន សូមប្រសិទ្ធពរ ឱ្យចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសយើងទំាងពីរ កម្ពុជា-ឡាវ ស្ថិតស្ថេរ គង់វង្ស ជាអមតៈ៕
ដោយ : សហការី