ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត យ៉ង សាំងកុមារ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ នេះបើយោងតាមលិខិត របស់លោក ដាក់គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ 

លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា, សូមគោរពជូន សម្តេចអគ្គមហាសនាបតីតោជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់!

កម្មវត្ថុ៖ សំណើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ដោយឃើញនូវគោលនយោបាយរបស់សម្ដេចតេជោលើវិស័យកសិកម្ម ដែលសម្ដេចទើប បានប្រកាសថ្មីៗ ក្នុងនោះមានគោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការណ៍ ជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោល នយោបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធនាគារអភិវឌ្ឍកសិកម្មនិង ជនបទ និងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផល ខ្ញុំបាទមានទំនុកចិត្តថា ការដាក់ចេញ នូវគោលនយោបាយប្រាកដនិយមថ្មីនេះ នឹងអាចនាំមកនូវផ្លែផ្កា និងប្រយោជន៍យ៉ាងពិតប្រាកដដល់ ប្រជាពលរដ្ឋទាំងមូល។ គោលនយោបាយទាំងនេះ គឺដូចគ្នាទៅនឹងចំណេះដឹងនិងជំនាញឆន្ទៈ និង បទពិសោធន៍ការងារលើវិស័យកសិកម្មរបស់ខ្ញុំកន្លងមក។

នូវក្នុងន័យនេះ ខ្ញុំបាទសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយទាំងនេះ ឲ្យជោគជ័យ និងមានផ្លែផ្កា ក្នុងគោលបំណងលើក ស្ទួយជីវភាពកសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិ។

ខ្ញុំបាទស្នើសុំចាប់ផ្តើមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃប្រវត្តិសាស្ត្រ ២ ធ្នូ ឆ្នាំ ២០២២ តទៅ។

សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅ និងភក្តីភាពស្មោះស្ម័គ្របំផុតអំពីខ្ញុំ។

លោកបណ្ឌិត យ៉ង សាំងកុមារ ក៏សំណើសុំចូលរួមបម្រើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ។

ដោយលោកបានសរសេរថា, (ខ្ញុំបាទយល់ឃើញថា ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាយើង ពិតជាបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រ៉ាំរ៉ៃ ទទួលបានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍគ្រប់ វិស័យ រួមទាំងវិស័យកសិកម្មផងដែរ។

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសតទៅមុខទៀត ខ្ញុំបាទសូមការ អនុញ្ញាតពីសម្តេចនាយករដ្ឋមន្ត្រី ដើម្បីទទួលបានឱកាសចូលរួមបម្រើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ ក្នុងគោលបំណងលើកស្ទួយ ជីវភាពកសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិ) ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជា ណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្ដីគោរពដ៏ជ្រាលជ្រៅ និងភក្ដីភាពស្មោះស្ម័គ្របំផុតអំពីខ្ញុំ ៕

ដោយ : សិលា


ចែករំលែក៖