ភ្នំពេញ ៖ ថ្លែងក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា«សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាវេទិកាទូលំទូលាយ និងជាអង្គការយុវជនដ៏ធំមួយដែលអនុញ្ញាតឱ្យគ្រប់កោសិកានៃសង្គមកម្ពុជា អាចចូលរួមដោយមិនប្រកាន់និន្នាការក្នុងកិច្ចការងារស្ម័គ្រចិត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមសម្រាប់កម្ពុជា។មួយវិញទៀត វេទិកាមួយនេះក៏បានផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយក្នុងការកសាងសមត្ថភាព តាមរយៈការចូលរួមធ្វើការងារជាក្រុម ទាំងក្នុងវិស័យនយោបាយ វប្បធម៌ មនុស្សធម៌ ដោយបានផ្សារភ្ជាប់កាន់តែជិតស្និទ្ធជាមួយគោលនយោបាយ របស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះផងដែរ»។
លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងថា ស.ស.យ.ក គឺជាវេទិកាទូលំទូលាយ និងជាអង្គការយុវជនដ៏ធំមួយដែលអនុញ្ញាតឱ្យគ្រប់កោសិកា នៃសង្គមកម្ពុជា អាចចូលរួមដោយមិនប្រកាន់និន្នាការក្នុងកិច្ចការងារស្ម័គ្រចិត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមសម្រាប់កម្ពុជា ដូច្នេះហើយស.ស.យ.ក គប្បីបន្តជំរុញស្មារតីសេ្នហាជាតិមាតុភូមិរបស់យុវជនឱ្យមានភាពប្រាកដនិយមបន្ថែមទៀតផងដែរ។
ជាមួយគ្នានោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមលើកទឹកចិត្តក្នុងការបន្តស្មារតី ឆន្ទៈ និងសកម្មភាពដ៏ថ្លៃថ្លានេះ ដែលជាមូលដ្ឋានប្រកបដោយឥទ្ធិពលជាវិជ្ជមាន ក្នុងការអប់រំផ្នត់គំនិត និងឥរិយាបទរបស់យុវជន ដើម្បីឱ្យក្លាយជាប្រជាពលរដ្ឋល្អក្នុងសង្គម និងមានសមត្ថភាពស័ក្តិសមជាធនធានបន្តវេនយ៉ាងសំខាន់សម្រាប់ជាតិទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ក្រោមបាវចនា «ខែ្មរតែមួយ អនាគតតែមួយ» និង «ខ្មែរធ្វើបាន»ជាដើម។
នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមអំពាវនាវដល់ក្រុមគ្រួសារស.ស.យ.ក ទាំងអស់បន្តយកចិត្តទុកដាក់លើទិសដៅការងារសំខាន់ៗជាអាទិភាពមួយចំនួនផងដែរ ដូចជាការពង្រឹង និងពង្រីកខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ, ការកសាងចលនាយុវជនឱ្យចូលរួមអភិវឌ្ឍសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ ប្រកបដោយគុណធម៌ សីលធម៌ មនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងសុខភាពកាយសម្បទារឹងមាំជាដើម។
លោកបណ្ឌិត ក៏បានប្រាប់ ស.ស.យ.ក ផងដែរ «សូមបន្តជំរុញស្មារតីសេ្នហាជាតិមាតុភូមិរបស់យុវជនឱ្យមានភាពប្រាកដនិយម មានទឹកចិត្តទូលំទូលាយ ស្វាហាប់ ហ្មត់ចត់ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំដោយប្រកាន់យកអភិក្រម «ការសិក្សាពេញមួយជីវិត» ដើម្បីអាចបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងចូលរួមបំផុសទឹកចិត្តស្មារតីដល់យុវជនដទៃទៀតក៏ដូចជាសាធារណជន ឱ្យស្រលាញ់ជាតិមាតុភូមិ វប្បធម៌សន្តិភាព ការផ្សព្វផ្សាយអំពីអត្តសញ្ញាណជាតិ គុណតម្លៃជាតិ ការលើកស្ទួយសម្រស់កម្ពុជា និងកិត្យានុភាពជាតិ។ លើសពីនេះ ក៏សូមបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងល្អជាមួយអង្គការយុវជន និងយុវជនបណ្តាប្រទេសនានាលើសកលលោកផងដែរ ដើម្បីលើកកម្ពស់សន្តិភាព និងវិបុលភាពសាកលផងដែរ។
ថ្នាក់ដឹកនាំ សមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ក៏សូមចូលរួមអបអរសាទរ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែល ត្រូវបាន បោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា នាឱកាសនៃពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ។
សហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានធ្វើរបាយការណ៍សង្ខេបស្តីពីលទ្ធផលមហាសន្និបាត ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក្រោមស្មារតីទទួលខុសត្រូវ និងពោរពេញដោយការប្តេជ្ញាចិត្តខ្ពស់ពីសមាជិកទាំងឡាយ និងក៏សូមចូលរួមអបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែល ត្រូវបាន បោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា។
ផ្តើមមានមតិ លោកបណ្ឌិត ហ៊ុន ម៉ាណែតប្រធានកិត្តិយស ស.ស.យ.ក. បានធ្វើការថ្លែងអំណរគុណ ដល់គណៈកម្មាធិការកណ្តាលដែលបានផ្តល់នូវសេចក្តីទុកចិត្តបោះឆ្នោតជ្រើសតាំង លោកបណ្ឌិត ជាប្រធានកិត្តិយស ស.ស.យ.ក.។ ទន្ទឹមនឹងនេះ លោកបណ្ឌិតបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធផល ដែលស.ស.យ.ក. សម្រេចបានក្នុងរយៈកាលកន្លងមកផងដែរ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ស.ស.យ.ក. ប្រៀបបីដូចជាដែកឆក់ក្នុងការស្រូបទាញយុវជនក្នុងការចូលរួមសកម្មភាពដើម្បីអភិវឌ្ឍសង្គមជាតិ។
សូមជម្រាបជូនថា រយៈពេល ០២ ថ្ងៃនេះ មហាសន្និបាតបានពិនិត្យ ពិភាក្សា និង អនុម័ត លើការងារសំខាន់ៗមួយចំនួនរបស់ដូចជា ការពិនិត្យ របាយការណ៍សកម្មភាពការងារសម្រេចបាន ឆ្នាំ២០១៨-២០២៣ ពិនិត្យ ពិភាក្សា និងអនុម័ត ផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០២៣ ២០២៨» និងបានអនុម័តលើវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។ ជាមួយគ្នានោះកិច្ចប្រជុំគណៈកម្មាធិការកណ្តាលដែលបានប្រជុំក្នុងថ្ងៃជាមួយគ្នា បានបោះឆ្នោតជ្រើសតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែតជាប្រធានកិត្តិយស ស.ស.យ.ក. លោក ទៀ សីហា ជាអនុប្រធាន ស.ស.យ.ក. ក៏ដូចជាបំពេញបន្ថែមសមាសភាព សមាជិកគណៈអចិន្រ្តៃយ៍ ចំនួន ០៩ រូបនិងគណៈកម្មាធិការកណ្តាល ២០៣ រូបផងដែរ ៕
ដោយ : សិលា