ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបំភ្លឺការចុះផ្សាយថា៖ ទីតាំងហ្គេមបាញ់ត្រី ក្រៅកាស៊ីណូ ០១កន្លែង នៅស្រុកកោះធំ កំពុងបើកទទួលអ្នកញៀនល្បែងចូលលេងរៀងរាល់ថ្ងៃ

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺឆ្លើយតបទៅនឹង អង្គភាពសារព័ត៌មាន (SH NEWS) ដែលបានចុះផ្សាយថា៖ ទីតាំងហ្គេមបាញ់ត្រី ក្រៅកាស៊ីណូ ០១កន្លែង ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល កំពុងបើកទទួលអ្នកញៀនល្បែងចូលលេងរៀងរាល់ថ្ងៃ។ 

ក្រោយពីទទួលបានព័ត៌មានខាងលើរួច លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុក ចំណាត់ការស្រាវជ្រាវករណីខាងលើជាបន្ទាន់។

លទ្ធផល៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងផ្នែកជំនាញយុត្តិធម៌ស្រុក សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍សំពៅពូន បានចុះធ្វើការស្រាវជ្រាវ ដល់ទីតាំងដែលសារព័ត៌មានបានចុះផ្សាយខាងលើ ឃើញថាទីតាំងនោះ ត្រូវបានចាក់សោរបិទទ្វារ ពុំមានមនុស្សនៅទេ។

ជាក់ស្តែងនៅចំណុចទីតាំងខាងលើនោះ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នគរបាលប៉ុស្ដិ៍រដ្ឋបាលសំពៅពូន បានស្រាវជ្រាវ នឹងកោះហៅម្ចាស់ទីតាំងឈ្មោះ តាំង ណាំង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ តាមការឲ្យដឹងរបស់ឈ្មោះ តាំង ណាំង បានឱ្យដឹងថា៖ ខ្លួនបានជួលទីតាំងខាងលើនេះពីក្រុមហ៊ុនកាស៊ីណូ ហ្គ្រេនដ្រាហ្គនរីសត ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីបើកលក់កាហ្វេ តាំងពីឆ្នាំ២០១៩ មកម្លេះ។ 

ក្រោយមកដោយសារតែការរីករាលដាលជម្ងឺកូវីដ-១៩ ខ្លួនបានបិទទីតាំងនោះ ឈប់លក់ដូរ ជាយូរខែមកហើយ។ ពេលនោះសមត្ថកិច្ចយើងបានធ្វើកិច្ចសន្យា និងអប់រំណែនាំ ដល់ម្ចាស់ទីតាំងឈ្មោះ តាំង ណាំង ពុំឲ្យមានការបោះកលេងហ្គេមបាញ់ត្រី ឬការលក់ ចែកចាយគ្រឿងញៀន នៅទីតាំងរបស់ខ្លួនឡើយ ។

ចាប់តាំងពីសមត្ថកិច្ច បានធ្វើកិច្ចសន្យា អប់រំដល់ម្ចាស់ទីតាំងខាងលើ ០១លើករួចមកទល់សព្វថ្ងៃនេះ គឺពុំមានបើកលក់ដូរ ឬបើកលេងហ្គេមបាញ់ត្រីអ្វីនោះទេ នៅទីនោះ ដោយបានចាក់សោរបិទទ្វារចោលរហូត។ អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប និងកុំមានការភាន់ច្រឡំ៕

ដោយ​៖សហការី​


ចែករំលែក៖