ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍កាចាញឃាត់ខ្លួនជនសង្ស័យម្នាក់ខណ:លួចបកជ័រចានកៅស៊ូ

ចែករំលែក៖

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ចូលលួចបកជ័រចានកៅស៊ូរបស់ប្រជាពលរដ្ឋត្រូវបានម្ចាស់រាយការណ៍មកនគរបាលប៉ុស្តិ៍ចុះឃាត់ខ្លួននិងឆែកឆេររកឃើញជ័រកៅស៊ូមួយថង់។

ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ត្រង់ចំណុចចម្ការកៅស៊ូមួយកន្លែង ស្ថិតនៅក្នុងភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង។

លោក សុខ សារ៉េត នាយប៉ុស្តិ៍ស្តីទីបានឲ្យដឹងថា បន្ទាប់ពីម្ចាស់កៅស៊ូបានប្រទះឃើញជនសង្ស័យកំពុងដើរបកជ័រចានកៅស៊ូរបស់គាត់ ភ្លាមនោះគាត់ក៏បានរាយការណ៍មកកម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ បានឃើញជ័រកៅស៊ូមួយថង់ រួមទាំងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម(អត់អាវ)ពាក់ស្លាកលេខបាត់ដំបង1C-8329។ជនសង្ស័យឈ្មោះ ធំ សុធា ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ។ រីឯម្ចាស់កៅស៊ូមានឈ្មោះ ងី ង៉ង មេភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង។

លោកនាយប៉ុស្តិ៍ស្តីទី បានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ បានដកហូតវត្ថុតាងម៉ូតូមួយគ្រឿង ទូរស័ព្ទដៃចំនួនមួយគ្រឿង និងជ័រចានកៅស៊ូទម្ងន់៥៦ គីឡូក្រាម។ជនសង្ស័យបានធ្វើតេស្តរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+)។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅប៉ុស្តិ៍សង្កាត់កាចាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅអធិការក្រុងដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖