ព័ត៌មានទាន់ហេតុការណ៍៖

កូនដើមកោងកាងចំនួន ៣០០០ ដើមត្រូវបានដាំ ដើម្បីចូលរួមពង្រឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនជម្រកសម្រាប់ជីវៈចម្រុះសមុទ្រគ្រប់ប្រភេទ និងបង្កើនសោភ័ណភាពឆ្នេរសមុទ្រ

ចែករំលែក៖

ខេត្តកែប ៖ កូនដើមកោងកាងចំនួន ៣០០០ ដើមត្រូវបានដាំនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងទិវាអនាម័យបរិស្ថានជាតិ ដែលត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកែប គូសបញ្ជាក់ថា ដើម្បីចូលរួមពង្រឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនជម្រកសម្រាប់ជីវៈចម្រុះសមុទ្រគ្រប់ប្រភេទ និងបង្កើនសោភ័ណភាពឆ្នេរសមុទ្រ។ ទិវាអនាម័យបរិស្ថានប្រារព្ធនៅខេត្តកែបប្រព្រឹត្តទៅក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត កែប មន្ត្រីជំនាញក្រសួងបរិស្ថាន និងមន្ត្រីនៃមន្ទីរជំនាញចំណុះរដ្ឋបាលខេត្ត សិស្សានុសិស្ស និស្សិត និងប្រជាសហគមន៍សរុបជាង ២០០នាក់។ 

  លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថាដើមកោងកាងផ្តល់សារៈសំខាន់យ៉ាងច្រើនដល់ បរិស្ថានសមុទ្រក្នុងនោះមានជួយបង្កើតសុខភាពប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ ព្រៃកោងកាងជារបៀងយុទ្ធសាស្ត្រតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ មិនតែប៉ុណ្ណោះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុកជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិ ដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារ ព្រៃកោងកាងឡើងវិញ។ លោក នេត្រ ភក្ត្រា បានឲ្យដឹងទៀតថា ព្រៃកោងកាងដើរតួនាទីដ៏មានតម្លៃសម្រាប់ជារនាំង ប្រឆាំងនឹងគ្រោះធម្មជាតិ ដូចជា ព្យុះស៊ីក្លូន គ្រោះមហន្តរាយ លើអេកូឡូស៊ី និងជាអ្នកការពារតំបន់ឆ្នេរសមុទ្រ។ ជាមួយនោះដើមកោងកាង មិនត្រឹមតែជួយក្នុងការការពារដីហូរច្រោះ ប៉ុណ្ណោះទេ តែវាក៏ដើរតួនាទីជាកាតាលីករក្នុងការនាំដីពីសមុទ្រមកដីគោកវិញផងដែរ ខណៈដែលព្រៃកោងកាង ផ្តល់នូវការបន្ស៊ាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំង នឹងការប្រែប្រួល អាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

  គួរញ្ជាក់ថា ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកែបក្រោមការគាំទ្រពីគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកនៅកម្ពុជា និងគម្រោង «ការកសាងភាពធន់នឹងអាកាសធាតុនៃប្រព័ន្ធទីក្រុងតាមរយៈការបន្ស៊ាំ ដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក(Urban EBA Asia)» និងគម្រោង «ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុតាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធ ខ្នាតតូច នៅតំបន់លំនៅឋានតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា»  ហៅកាត់ថា CCA4CS បានរៀបចំទិវាអនាម័យបរិស្ថាននៅតំបន់ សហគមន៍នេសាទភូមិថ្មី ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង» ដើម្បីជាការរួមចំណែកក្នុងការបណ្ដុះផ្នត់គំនិតនិងឥរិយាបថរបស់ប្រជាជនឱ្យស្រឡាញ់បរិស្ថានកាន់តែខ្លាំង និងមានស្មារតីចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។ បន្ថែមពីនេះ ក៏ជាវេទិកាលើកកម្ពស់ការអប់រំផ្សព្វ ផ្សាយ និងជំរុញចលនាមហាជន ក្នុងការធ្វើអនាម័យបរិស្ថាន ការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការដាំដើមឈើនៅតាមភូមិ ឃុំ-សង្កាត់ ទីប្រជុំជន និងដងផ្លូវ ដើម្បីបង្កើនសោភ័ណភាពស្រស់បំព្រង និងការលើកកម្ពស់ដល់វិស័យទេសចរណ៍ជាតិ-អន្តរជាតិ។ លោក នេត្រ ភក្ត្រា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមសម្អាតអនាម័យ បរិស្ថានជាពិសេសការគ្រប់គ្រងសំណល់រឹងសំរាម សំណល់ប្លាស្ទិកដើម្បីទប់ស្កាត់ការបំពុលសមុទ្រ។ 

លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានថ្លែងអំណរគុណក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធដែលតែងតែយកចិត្តទុកដាក់ជួយគាំទ្រដល់រដ្ឋបាលខេត្តកែបក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្ស ធនធានធម្មជាតិ។ លោកអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យ បរិស្ថាន និងបោសសម្អាតអនាម័យបរិស្ថានដើម្បីខេត្តកែបស្អាត បៃតង និងទាក់ទាញភ្ញៀវទេសចរកាន់តែ ច្រើនថែមទៀត។ លោកបានថ្លែងថា ខេត្តកែបបានទទួលភ្ញៀវទេសចរយ៉ាងច្រើនក្នុងមួយថ្ងៃៗ ដែល ចាំបាច់យើងត្រូវយកចិត្តទុកដាក់លើការសម្អាតអនាម័យបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញពលរដ្ឋចូលរួមដាំដើមឈើក្រោមទិសស្លោកពលរដ្ឋម្នាក់ ដើមឈើមួយដើម ដើម្បីភាពបៃតងរបស់ខេត្តកែប។

បន្ថែមពីលើនេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថាបញ្ហាសំណល់ប្លាស្ទិកគឺជាបញ្ហា សកលដែលប្រទេសនីមួយៗបានរួមគ្នាដោះស្រាយ។  លោកបានលើកឡើងថា បច្ចុប្បន្នបញ្ហាប្លាស្ទិកបានក្លាយទៅជាប្រធានបទធំមួយទៀត ក្រៅអំពីបញ្ហាការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀងជាដើម។ សម្រាប់នៅកម្ពុជាយើងវិញ គឺមានសំរាមជាង ១០.០០០ តោន ត្រូវបានចោលក្នុងមួយថ្ងៃៗ ដែលស្មើនឹងជាង៤លានតោនក្នុងមួយឆ្នាំ។ ក្នុងនោះ ប្រភេទសំរាមសរីរាង្គមានចំនួន៦០ភាគរយ, ប្លាស្ទិក២០ភាគរយ និង សំរាមទូទៅផ្សេងៗទៀត។ ចំពោះដំណោះស្រាយ លើបញ្ហាប្លាស្ទិកនេះ

គឺអាចសម្រេចទៅបាន អាស្រ័យលើការចូលរួមពីយើងទាំងអស់គ្នាជាប្រជាពលរដ្ឋ តួយ៉ាង ការប្រើប្រាស់ឡើងវិញ ការកែច្នៃ ការបដិសេធ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលមិនចាំបាច់។ លោកបានលើកឡើងថា តាមរយៈគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា យើងសម្រេចបាននូវសមិទ្ធផលជាវិជ្ជមានជាច្រើន ដូចជា ការគាំទ្រ និងជម្រុញអាជីវកម្មកែច្នៃប្លាស្ទិក និងសម្ភារប្រើជំនួសប្លាស្ទិក, ការបញ្រ្ជៀបការយល់ដឹងរបស់ប្រជាជន និងវិស័យឯកជនអំពីបញ្ហាប្លាស្ទិក និងដំណោះស្រាយ ជាពិសេស ការចូលរួមក្នុងដំណើរការរៀបចំជាគោលនយោបាយ លិខិតបទដ្ឋានគតិយុទ្ធ និងបទប្បញ្ញត្តិគន្លឹះផ្សេងៗ ជាក់ស្ដែង វិធានការគោលនយោបាយស្ដីពី «ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិកសម្រាប់រយៈពេលខ្លី» ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុម័តឱ្យអនុវត្តកាលពីពេលថ្មីៗនេះ។បើតាមការថ្លែងរបស់ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ខេត្តកែប គឺស្ថិតក្នុងចំណោមរាជធានី-ខេត្តចំនួន៦ ដែលគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា បានធ្វើការអនុវត្តនូវផែនការសកម្មភាពរបស់ខ្លួន។ ក្នុងមូលដ្ឋានខេត្តកែបនេះ គម្រោងបានផ្ដល់ជូននូវធុងទឹកចម្រោះដល់សាលារៀនចំនួន៥, ធុងទឹកក្ដៅទឹកត្រជាក់, ធុងសំរាម និងផ្ទាំងអប់រំប្លាស្ទិកជាដើម៕ 

ដោយ : សហការី


ចែករំលែក៖