ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រម្នាក់បើកម៉ូតូមិនប្រកាន់ស្ដាំទៅបុកម៉ូតូដែលជិះបញ្ច្រាសទិសគ្នាស្លាប់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ កម្មកររោងចក្រម្នាក់បានស្លាប់និងស្ត្រីម្នាក់បានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នាខណៈដែលពួកគេជិះបញ្ច្រាសទិសគ្នា។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥៨នាទីល្ងាចថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១៣ ចន្លោះគីឡូម៉ែត្រលេខ២និងលេខ៣ ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា អ្នកស្លាប់មានឈ្មោះបាន សុដាវិន  អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិចក ឃុំ កំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ខូចខាតទាំងស្រុង។

ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ វ៉ា សាវន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិថ្មី ឃុំអណ្ដូងពោធិ៍ស្រុករមាសហែក បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១DM-១៩៨៥  ខូចខាតទាំងស្រុង។

    តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខលើផ្លូវជាតិលេខ១៣ ក្នុងទិសដៅពីត្បូងទៅជើងមិនប្រកាន់ស្ដាំក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១DM -១៩៨៥  បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងក្បាលល្ងាច។

    ក្រោយកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។  ចំណែកអ្នកស្លាប់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

   ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖