ខេត្តពោធិ៍សាត់៖ តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ កម្លាំងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលមានការចូលរួមពីនាយរងខណ្ឌ នាយផ្នែកក្រគរ នាយសង្កាត់កំពង់លួង គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ កាលពីថ្ងៃ២៨ ខែវិច្ឆិកាម្សិលមិញនេះ បានសហការជាមួយ ក្រុមការងារថ្នាក់ជាតិ មានលោក ច្រឹង តាំងលី នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងអគ្គស្នងការនគរបាលជាតិ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ នគរបាលស្រុកក្រគរ បរិស្ថានស្រុកក្រគរ យោធាខេត្ដ កងរាជអាវុធហត្ថស្រុកក្រគរ និងខេត្ត ។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចុះបង្រ្កាប បទល្មើសនេសាទ មានកម្លាំងសរុបចំនួន ៣៨នាក់ និងកាណូតចំនួន ៧គ្រឿង បានចុះអប់រំផ្សព្វផ្សាយអធិការកិច្ច បង្ក្រាបបទល្មើសឆ្នុក និងការដាក់របាំងលប (លើសប្រវែងកំណត់) ចាប់ពីចំនុចជ្រោយស្ដី ឃុំក្បាលត្រាច ស្រុកក្រគរ រហូតដល់ភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលកម្លាំងសមត្ថកិច្ចចម្រុះបានរុះរើ និងបំផ្លាញចោលវត្ថុតាងរួមមាន: បង្គោលឆ្នុក ១៣កន្លែង ចំនួន១៥៦ដើម ,របាំង១០ ខ្សែ ប្រវែង ២៧០០ម៉ែត្រ(លើសប្រវែងកំណត់),ក្បាលបរ ចំនួន ០៥គ្រឿង,បង្គោល ចំនួន ៧០ដើម,និងត្រីចម្រុះ ទម្ងន់ ៥០គីឡូក្រាម(បានចាក់ចូលក្នុងទន្លេវិញ)៕
ដោយ៖សហការី