ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(Japan International Cooperation Agency – JICA) ស្តីពី “គម្រោងលើកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ – Project for Improvement of Cyber Resilience ” នៅទីស្តីការក្រសួង។
សូមបញ្ជាក់ថា, គម្រោងនេះមានគោលដៅសំខាន់ៗ ចំនួន៣ រួមមាន:
(១) ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពក្នុងការផ្តល់សេវារបស់ក្រុមឆ្លើយតបឧប្បត្តិហេតុសន្តិសុខសាយប័រ។
(២) លើកកម្ពស់សកម្មភាពសន្តិសុខសាយប័ររបស់អង្គភាពនិងអ្នកពាក់ព័ន្ធ ។
និង (៣) ផ្តល់ធាតុចូលសម្រាប់រៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្តនិងស្តង់ដាដើម្បីពង្រឹងសន្តិសុខសាយប័រ ដើម្បីសម្រេចបានគោលដៅរួមក្នុងការលើកកម្ពស់ភាពធន់នៃសង្គមឌីជីថលនៅកម្ពុជា ៕
ដោយ : សហការី