ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មថ្លែងថា ទុនវិនិយោគលើឧស្សាហកម្ម មានទឹកប្រាក់ជាង ១៦ ពាន់លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីជាស្ថិតនៅក្នុងដំណាក់កាលនៃវិបត្តិសកលយ៉ាងណាក៏ដោយក៏ទុនវិនិយោគលើវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជាមានការកើនឡើង។ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ​កម្ពុជាមានរោងចក្របង្កើតថ្មី ​១៦១ រោងចក្រធ្វើឱ្យចំនួនរោង ចក្រសរុបចំនួន ១ ៩៦៨ រោងចក្រ ​និងមាន​ទុនវិនិយោគសរុប មានទំហំទឹក​ប្រមាណជាង ​១៦ ​ពាន់លានដុល្លារអាមេរិក ។

លោក ហេង សុខគង់ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ​វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍មានប្រសាសន៍នៅថ្ងៃទី ​២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះថា ​កម្ពុជាគឺជាប្រទេសមួយទទួលបានលំហូរនៃការ​វិនិយោគ​ជាបន្តបន្ទាប់ ​ដែលប្រការទាំងនេះ ​បានបង្ហាញអំពីមោទនភាពរបស់កម្ពុជា ទោះបីស្ថិតនៅក្នុង​វិបត្តិសកល​ រវាងសង្គ្រាមរុស្សី-អ៊ុយក្រែន​ និងវិបត្តិជំងឺកូវីដ ១៩ ដែលមិនទាន់បាន​ស្ងប់ស្ងាត់​នៅ​ឡើយ​ក៏ដោយ។

លោករដ្ឋលេខាធិការបន្តថាជាក់ស្តែងវិស័យឧស្សាហកម្ម បើគិតពីដើមឆ្នាំ ​រហូតដល់ពាក់កណ្តាលខែ ​វិច្ឆិកា ឆ្នាំ ២០២២ នេះ​ ក្រសួងទទួលបានការចុះបញ្ជី រោងចក្រថ្មី ​មានចំនួន ១៦១ រោងចក្រ ។ បើគិតរោងចក្រ​សរុបទាំងអស់មានចំនួនប្រមាណ ១ ៩៦៨ រោងចក្រ​ មានទុនវិនិយោគសរុបប្រមាណជាង ១៦ ពាន់​លាដុល្លារអាមេរិក ខណៈនៅត្រឹមឆ្នាំ ​២០២១ ​មានទុនវិនិយោគជាង ១៣ ពាន់លានដុល្លារ​អាមេរិកប៉ុណ្ណោះ។

ស្របពេលមានកំណើននេះ កម្ពុជាក៏មានរោងចក្របិតទ្វារក្នុងឆ្នាំ​ ២០២២​ មានចំនួន ៧២ រោងចក្រ ខណៈនៅឆ្នាំ ២០២១ ​មានរោងចក្របិតទ្វារ រហូតដល់ ១៤៨ រោងចក្រ។ ទាំងនេះដោយសារតែគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលបើកចំហរសម្រាប់អ្នកវិនិយោគ និងជាពិសេសអ្នកវិនិយោគមើលឃើញអំពីចំណុចល្អជាច្រើននៅក្នុងច្បាប់របស់ប្រទេសកម្ពុជា។

លោករដ្ឋលេខាធិការ ហេង សុខគង់ បន្តឲ្យដឹងថា ចំពោះការនាំចេញ​ បើគិតត្រឹមត្រីមាសទី៣​ ឆ្នាំ ២០២២ នេះ មានទំហំទឹកប្រាក់ជិត ១២ ​ពាន់លានដុល្លារអាមេរិក។ ដូច្នេះប្រទេសកម្ពុជានិងបន្តឈរយ៉ាងរឹងមាំប្រកបដោយនិរន្តរភាពជាមួយនឹងសេដ្ឋកិច្ចច្បាស់លាស់សម្រាប់ការអភិវឌ្ឍន៍៕

ដោយ៖ សូរិយា


ចែករំលែក៖