ព័ត៌មានទាន់ហេតុការណ៍៖

លោក លឹម សៀងហេង អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាម៉េមួយខ្សែស្ថិតនៅសង្កាត់បាវិតក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្លូវបេតុងអាម៉េមួយខ្សែប្រវែង៥៩២ម៉ែត្រទទឹង៧ម៉ែត្រស្ថិតនៅភូមិច្រកលាវសង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀងត្រូវបានធ្វើពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីលោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី២៩ខែវិច្ឆិកា  ឆ្នាំ២០២២ នេះ ។ 

នៅក្នុងឱកាសនោះលោកអភិបាលក្រុងបាវិត បានធ្វើការក្រើនរំលឹក និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជម្រុញឲ្យបានគ្រប់ៗគ្នា ហើយសូមកុំលែងសត្វពាហនៈដែលចិញ្ចឹមដើរពាសវាល ពាសកាល និយាយជារួមគឺចូលរួមសហការគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយដែលកើតមានឡើងនៅមូលដ្ឋានជាពិសេសមិនត្រូវសាងសង់សំណង់នៅលើចិញ្ចើមផ្លូវរបស់រដ្ឋ និងត្រូវបញ្ឈប់ការចោលសំរាមពាសវាលពាសកាលនៅទីសាធារណៈ ដើម្បីបរិស្ថានស្អាតនិងទីក្រុងមានសោភណ្ឌភាពល្អ ព្រោះថាសំរាមគឺជាបញ្ហាប្រឈមរួមដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ដោះស្រាយមិនអាចខ្វះបាន នាពេលបច្ចុប្បន្ននេះ។ 

លោក លឹម សៀងហេង  បានមានប្រសាសន៍បន្តទៀតថាៈ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឲ្យប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ ហើយក៏មិនប្រកាន់និន្នាការនយោបាយនោះដែរគឺត្រូវបំរើសេវាជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានហើយអ្វីដែលសំរេចបាននោះគឺវាអាស្រ័យដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងផងដែរ។ 

លោកអភិបាលក្រុង បានបន្តថា នាពេលកន្លងមកផ្លូវ១ខ្សែនេះមានសភាពតូចចង្អៀតនិងខូចខាតច្រើនហើយនៅរដូវវស្សាស្ថានភាពផ្លូវគឺមានទឹកដក់និងរអិលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនេះជាពិសេសគឺនៅពេលបងប្អូនប្រជាពលរដ្ឋដឹកកសិផលមកកាន់ទីផ្សារតែងតែជួបការលំបាកក្នុងការបើកបរ។ 

លោកអភិបាលក្រុងបានមានប្រសាសន៍បន្ថែមថាៈ សម្រាប់ការពង្រីកនិងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាផ្លូវ១ខ្សែនេះឡើងវិញផងដែរ ជាពិសេសគឺផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវ។ 

ហើយនៅពេលផ្លូវនេះបានជួសជុលរួចហើយនោះយើងនឹងបំពាក់អំពូលសូឡាដើម្បីបំភ្លឺនៅពេលយប់ដូច្នេះហើយសូមឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃមិនថានៅទីក្រុងឬជនបទនោះឡើយ។ 

ម៉្យាងទៀតលោកអភិបាល ក្រុង ក៏សូមសំណូមពរនិងស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមចូលរួមថែទាំផ្លូវបេតុង ដែលបានស្ថាបនារួចរាល់ហើយត្រូវគិតថាផ្លូវជាសម្បត្តិរួមមិនមែនជារបស់បុគ្គលណាម្នាក់នោះទេសម្រាប់ប្រើប្រាស់ បានយូរអង្វែងទៅថ្ងៃក្រោយខាងមុខទៀត ៕

ដោយ៖ សុថាន


ចែករំលែក៖