ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងសាងសង់គិលានុបដ្ឋាន និងអគារផ្ទះបាយនៅក្នុងតំបន់ប្រតិបត្តិការសឹងរងព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់គិលានុបដ្ឋានដោយធ្វើយ៉ាងណារៀបចំសាងសង់ដាក់គ្រែឱ្យបានចំនួន ១២គ្រែ និងមានបន្ទប់សម្រាប់ពិនិត្យពិគ្រោះជំងឺផ្សេងៗ បន្ទប់សម្រាប់ក្រុមគ្រូពេទ្យឱ្យមានលក្ខណៈស្តង់ដារ និងបើករបងខាងក្រោយសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋចេញ-ចូល មកទទួលសេវានៅក្នុងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ។ ទន្ទឹមនោះការសាងសង់អគារផ្ទះបាយបម្រើឱ្យការផ្គត់ផ្គង់ដល់កងកម្លាំងតំបន់ប្រតិបត្តិការបស់យើងក្នុងការប្រចាំការ និងប្រចាំបញ្ជាផងដែរ។
ក្នុងឱកាសនោះលោក អភិបាលខេត្ត បានធ្វើការណែនាំឱ្យលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ រៀបចំដាំដើមឈើក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងមានដូចជា ដើមគគីរ ឬដើមឈើទាល និងដាំស្មៅដើម្បីលើកកម្ពស់បរិស្ថាន សោភ័ណភាពក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងកាន់តែមានភាពស្រស់បំព្រង និងជាការទាក់ទាញថែមទៀតនៅពេលខាងមុខ៕
ដោយ : សហការី