ការប្រកួតបញ្ចប់វគ្គចែកពូល B នឹងធ្វើឡើងនៅរាត្រីថ្ងៃទី២៩ ខែវិច្ឆិកានេះ ដោយក្រុមជម្រើសជាតិវែល ត្រូវប៉ះក្រុមតោកំណាចអង់គ្លេសនៅវេលាម៉ោង២រំលងអធ្រាត្រដំណាលគ្នាជាមួយក្រុមអ៊ីរ៉ង់ប៉ះជាមួយអាមេរិកក្នុងពូលជាមួយគ្នានេះ។ក្រុមជម្រើសជាតិវែលដែលកំពុងឈរបាតតារាងក្នុងពូល B មានឱកាសតិចតួចប៉ុណ្ណោះក្នុងការឡើងទៅកាន់វគ្គ១៦ ពេលប៉ះអង់គ្លេសយប់នេះ ដោយក្រុមនេះបានបរាជ័យក្រោមថ្វីជើងអ៊ីរ៉ង់កាលពី២៥ ខែវិច្ឆិកាមាន១ពិន្ទុនៅក្នុងដៃ និងខាតគ្រាប់បាល់រហូតដល់២គ្រាប់។ ចំណែកអង់គ្លេសវិញកំពុងឈរលេខ១ក្នុងពូលមាន៤ពិន្ទុ ក្រោយពីឈ្នះអ៊ីរ៉ង់នៅការប្រកួតបើកឆាកក្នុងពូល និងស្មើជាមួយអាមេរិកនៅការប្រកួតជុំទី២។
ការប៉ះគ្នារវាងក្រុមវែលនឹងក្រុមតោកំណាចអង់គ្លេសក្នុង៧ប្រកួតចុងក្រោយកន្លងមកគឺវែលមិនដែលស្គាល់រសជាតិឈ្នះអង់គ្លេសនោះទេ ដោយអង់គ្លេសឈ្នះ៦ដង និងស្មើ១ដង។ ប៉ះគ្នាចុងក្រោយអង់គ្លេសបំបាក់វែលក្នុងលទ្ធផល៣ទល់០ក្នុងជំនួបមិត្តភាពអន្តរជាតិ។ ការប្រកួតរវាងក្រុមទាំង២នេះ មើលទៅគឺអង់គ្លេសមានប្រៀបជាង ទាំងប្រវត្តិប្រកួត ទាំងធនធានកីឡាករ ព្រោះអង់គ្លេសត្រូវការតែស្មើក៏ឡើងទៅកាន់វគ្គ១៦ក្រុមដែរ ខណៈដែលវែលត្រូវការឈ្នះយ៉ាងហោច៣ទល់០ទើបអាចមានឱកាសឡើងបាន។
ចំណែកការប៉ះគ្នារវាងក្រុមអ៊ីរ៉ង់នឹងក្រុមអាមេរិកវិញ គឺជាការប្រកួតយ៉ាងសំខាន់សម្រាប់គូនេះ ដោយក្រុមនីមួយៗត្រូវការឈ្នះជាចាំបាច់ដើម្បីមានកៅអីទៅកាន់វគ្គ១៦ក្រុម ប៉ុន្តែអ៊ីរ៉ង់ហាក់ដូចជាមានប្រៀបបន្តិចដោយសារមាន៣ពិន្ទុនៅក្នុងដៃ ខណៈដែលអាមេរិកមានតែ២ពិន្ទុប៉ុណ្ណោះ។ ការប្រកួតនេះចាំបាច់អាមេរិកត្រូវការឈ្នះទើបអាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការឡើងទៅកាន់វគ្គបន្ត រីឯអ៊ីរ៉ង់ត្រូវការតែស្មើក៏បានប្រសិនបើវែលឈ្នះអង់គ្លេសចាប់ពី៣ទល់០ឡើងទៅ ដែលធ្វើឲ្យអ៊ីរ៉ង់អាចនឹងមានឱកាសក្នុងការកក់កៅអីផងដែរ។
ប្រវត្តិជួបគ្នារវាងក្រុមជម្រើសជាតិអ៊ីរ៉ង់នឹងក្រុមជម្រើសជាតិអាមេរិកក្នុង១ប្រកួតចុងក្រោយគឺអ៊ីរ៉ង់យកឈ្នះអាមេរិក២ទល់១ ក្នុងវគ្គជម្រុះ World Cup កាលពីខែមិថុនា ឆ្នាំ១៩៩៨។ ការប្រកួតនេះគេមើលឃើញថា ក្រុមអ៊ីរ៉ង់អាចនឹងមានប្រៀបជាងអាមេរិក ព្រោះក្រុមនេះមាន៣ពិន្ទុច្រើនជាងអាមេរិក ដែលអាចទប់ត្រឹមស្មើក៏មានឱកាសឡើងទៅកាន់វគ្គ១៦ក្រុមបានដែរ ប៉ុន្តែអាមេរិកក៏មិនអាចមើលងាយបានដែរ ព្រោះក្រុមនេះបានប្រកួតស្មើជាមួយអង់គ្លេស ដោយពេលនោះមានឱកាសស៊ុតចំគោលដៅច្រើនផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)