ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនពេញទំហឹង​ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តម៉ាក​ Toyota Prius មួយគ្រឿង​ បានបេីកបុកជាមួយនឹងរថយន្តម៉ាក​ Toyota Scion xa មួយគ្រឿងទៀតនៅផ្លូវបំបែកជាបួន​ បណ្ដាលឱ្យខូចខាតទាំងសងខាង យ៉ាងដំណំ កាលពីវេលាម៉ោង១២និង១០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុប២៤ម៉ោង តាមបណ្តោយផ្លូវសម្តេចជាសុីម កែងនិងផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​  ដំបូងឡើយគេឃើញរថយន្តម៉ាក​ តូយូតាព្រូស ពណ៌ស ស៊េរីឆ្នាំ២០១០​ពាក់ស្លាកលេខភ្នំពេញ 2AZ.6983បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវសម្តេច​ ជា​ សុីម​ ទិសសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកគ្នាជាមួយនិងរថយន្តម៉ាក​ Toyota Scion xa មួយគ្រឿងទៀត ពណ៌ស ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខភ្នំពេញ2BO.5672បើកបរដោយបុរស

ម្នាក់តាមបណ្តោយផ្លូវភ្នំពេញហាណូយ​ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនដូចគ្នា បានបុកគ្នាពេញទំហឹងបណ្ដាលឱ្យរងការខូចខាតផ្នែកខាងមុខដូចគ្នាយ៉ាងដំណំ។ ដោយឡែករថយន្តScion បានរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋកល់ជាប់ទៅមុខលែងរួច តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ។

      ក្រោយពីកើតហេតុ​ ភាគីទាំងសងខាង បានចេញពីកន្លែងកើតហេតុបាត់អស់បន្សល់ទុកតែរថយន្តទុកឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌធ្វេីការវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ​ រង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ​ ៕​

IMG_3631 IMG_3634

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖