ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញ២ក្រុមនៅពូល A និង២ក្រុមនៅពូល B កក់កៅអីទៅវគ្គ១៦ក្រុម World Cup 2022

ចែករំលែក៖

ការប្រកួតជម្រុះជុំចុងក្រោយសម្រាប់ពូល A និង B បានបញ្ចប់ហើយដោយរកឃើញ៤ក្រុម (២ក្រុមនៅពូលA, ២ក្រុមនៅពូលB) បានកក់កៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ដោយបានយកឈ្នះគូប្រកួតរៀងៗខ្លួនក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី២៩ ខែវិច្ឆិកានេះ។

២ក្រុមមកពីពូល A គឺក្រុមមច្ចុរាជទឹកក្រូចហុល្លង់បានយកឈ្នះកាតាក្នុងលទ្ធផល២ទល់០ ឈរលេខ១ក្នុងពូល ខណៈសេណេហ្គាល់បានយកឈ្នះអេក្វាឌ័រ២ទល់១ ឈរលេខ២ក្នុងពូល។ ដូច្នេះក្រុមហុល្លង់ និងសេណេហ្គាល់ជាក្រុមដែលត្រូវឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយក្នុងការប្រកួត World Cup នៅកាតាឆ្នាំនេះ។

២គ្រាប់របស់ក្រុមជម្រើសជាតិហុល្លង់ដែលយកឈ្នះកាតារកបានដោយកីឡាករ Gakpo នៅនាទីទី២៦ ក្នុងតង់ទី១ និង១គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ de jong នៅនាទីទី៤៩។ ជ័យជម្នះនេះបានធ្វើឲ្យហុល្លង់ឈរលេខ១ក្នុងពូល A មាន៧ពិន្ទុ នឹងត្រូវប៉ះក្រុមលេខ២ក្នុងពូល B នៅវគ្គ១៦ក្រុម។ ចំណែកសេណេហ្គាល់បានឈ្នះអេក្វាឌ័រ២ទល់១ ដោយគ្រាប់បាល់ទី១របស់សេណេហ្គាល់រកបានដោយការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៤៤ពីសំណាក់កីឡាករ​ Sarr និងកីឡាករ Koulobaly នៅនាទីទី៧០ ខណៈ១គ្រាប់របស់អេក្វាឌ័ររកបានដោយកីឡាករ Carcedo នៅនាទីទី៦៧។ ក្រុមសេណេហ្គាល់នឹងត្រូវប៉ះក្រុមលេខ១ក្នុងពូល B ក្នុងវគ្គ១៦ក្រុមចុងក្រោយ។

ចំណែកក្រុមមកពីពូល B វិញគឺតោកំណាចអង់គ្លេសបានយកឈ្នះវែលក្នុងលទ្ធផល៣ទល់០។ ៣គ្រាប់របស់អង់គ្លេសរកបានដោយខ្សែប្រយុទ្ធ Rashford ២គ្រាប់ (នាទីទី៥០ និង៦៨) និង១គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Foden នៅនាទីទី៥១។ លទ្ធផលនេះបន្តឲ្យអង់គ្លេសឈរលេខ១ក្នុងពូល មាន៧ពិន្ទុក្នុង៣ប្រកួតកន្លងមក (ឈ្នះ២ ស្មើ១)នឹងត្រូវប៉ះក្រុមលេខ២ក្នុងពូល Aរីឯក្រុមអាមេរិកបានយកឈ្នះក្រុមអ៊ីរ៉ង់ក្នុងលទ្ធផល១ទល់០ ដែលធ្វើឲ្យអាមេរិកមានឱកាសឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ១គ្រាប់របស់អាមេរិករកបានដោយខ្សែប្រយុទ្ធ Pulisic នៅនាទីទី៣៨ ដែលធ្វើឲ្យក្រុមនេះឈរលេខ២ក្នុងពូល B មាន៥ពិន្ទុនឹងត្រូវប៉ះក្រុមលេខ១ក្នុងពូល A នៅវគ្គ១៦ក្រុម។

យោងតាមលទ្ធផលខាងលើក្រុមលេខ១ក្នុងពូល A គឺហុល្លង់នឹងត្រូវប៉ះក្រុមលេខ២ក្នុងពូល B គឺអាមេរិកនៅវគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃទី៣ ខែធ្នូខាងមុខ វេលាម៉ោង១០យប់ម៉ោងនៅកម្ពុជា។ ចំណែកលេខ១ក្នុងពូលB គឺអង់គ្លេសនឹងត្រូវប៉ះក្រុមលេខ២ក្នុងពូល A គឺសេណេហ្គាល់នៅថ្ងៃទី៥ ខែធ្នូ វេលាម៉ោង២រំលងអធ្រាត្រក្នុងវគ្គ១៦ក្រុមដែរ។

សម្រាប់ការប្រកួតនៅរាត្រីថ្ងៃទី៣០នេះដែរគឺពូល C ប៉ូឡូញប៉ះអាហ្សង់ទីន, អារ៉ាប៊ីសាអ៊ូឌីតប៉ះម៉ិកស៊ិក ខណៈពូល D ទុយនេស៊ីប៉ះបារាំង និងអូស្ត្រាលីប៉ះដាណឺម៉ាក ដែលជាការប្រកួតជុំចុងក្រោយនៃវគ្គជម្រុះតាមពូលដើម្បីស្វែងរកក្រុមឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយបន្តទៀត ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖