ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាថ្នាក់ដឹកនាំតំបន់អាសុី-ប៉ាសុីហ្វិក ឆ្លេីយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២។
ថ្ងៃនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ខ្ញុំសូមចូលរួមជាមួយរាជរដ្ឋាភិបាល, សកម្មជនជាតិ-អន្តរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅគ្រប់លំដាប់ថ្នាក់ នៅក្នុង ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២, ក្រោមប្រធានបទ “ធ្វើឱ្យមានសមភាព”, ដើម្បីទាក់ទាញការយកចិត្តទុកដាក់ដល់បងប្អូន ប្រជាពលរដ្ឋគ្រប់រូប បន្តការប្រុងប្រយ័ត្នកាន់តែខ្លាំង ជាពិសេសក្មួយៗយុវជនយុវនារី ក្នុងការបង្ការទប់ស្កាត់ការ ចម្លងមេរោគអេដស៍ ដែលបច្ចុប្បន្ននៅលើពិភពលោកមានអ្នកឆ្លងថ្មីជាង ៤ពាន់នាក់ ក្នុងមួយថ្ងៃ ចំណែកកម្ពុជា មានអ្នកឆ្លងថ្មីប្រមាណ ៣នាក់ ក្នុងមួយថ្ងៃ។
ជាការពិត នៅក្នុងវិស័យមនុស្សធម៌, កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ជាមួយនឹងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅទូទាំងប្រទេស បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអនុវត្ត គោលនយោបាយ និងផែនទីយុទ្ធសាស្ត្រជាតិ ដើម្បីបំផុសស្មារតី បងប្អូនជនរួមជាតិ ពីគ្រប់មជ្ឈដ្ឋាន ជាពិសេស ក្មួយៗនិស្សិត, យុវជន និងក្រុមប្រឈមខ្ពស់ ឱ្យចូលរួមក្នុងចរន្តជាតិតែមួយឈានឆ្ពោះទៅរកការបញ្ចប់អេដស៍ នៅឆ្នាំ២០២៥ តាមផែនការសកម្មភាព ដែលបានគ្រោងទុក តាមរយៈការអប់រំផ្សព្វផ្សាយជាប្រចាំ ការចុះជួប ផ្ទាល់, ការផ្តល់ព័ត៌មានតាមបណ្ដាញសង្គមស្ដីពីវិធីបង្ការមេរោគអេដស៍ និងជំងឺអេដស៍, ការយល់ដឹងពីស្ថានភាព មេរោគអេដស៍ និងបញ្ហាប្រឈមនានា ដែលតម្រូវឱ្យមានការចូលរួមដោះស្រាយជាពហុវិស័យ រួមជាមួយនឹង ការអំពាវនាវ និងលើកទឹកចិត្តចូលរួមទប់ស្កាត់ការចម្លងមេរោគអេដស៍ តាមគ្រប់រូបភាព ជាពិសេសការចម្លងពី ម្ដាយមកកូន និងការមិនរើសអើងអ្នកផ្ទុកមេរោគអេដស៍ជាដើម។
ខ្ញុំមានមោទកភាពដែលរាជរដ្ឋាភិបាលបានគ្រប់គ្រងការរីករាលដាលមេរោគឆ្លងនានា រួមទាំងមេរោគអេដស៍ បានល្អប្រសើរ ខណៈដែលកម្ពុជាបានបើកប្រទេសពេញលេញឡើងវិញ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍ជំងឺកូវីដ-១៩ជាពិសេសសកម្មភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ រួមមាន រដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់, ស្ថាប័នឯកជន និងដៃគូអភិវឌ្ឍ ដែលបានផ្តល់ថ្នាំ និងប័ណ្ណសមធម៌ជាមួយនឹងថវិកាទ្រទ្រង់ជីវភាពដល់អ្នកផ្ទុកមេរោគអេដស៍, ធ្វើឱ្យអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ រាប់ម៉ឺននាក់ មានសុខភាពល្អ, មានក្តីសង្ឃឹម, អាចរស់នៅក្នុងភាពថ្លៃថ្នូរ, ស្មើមុខស្មើមាត់, ពុំមានការរើសអើង ក្នុងសង្គមជាតិ។
ខ្ញុំពិតជាមានសុទិដ្ឋិនិយម ជាមួយនឹងការអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចូលរួមអនុវត្តទាំងអស់គ្ន នូវផែនទីយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ដើម្បីសម្រេចបានការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ និង “ការធ្វើឱ្យមាន សមភាព” តាមរយៈសកម្មភាពសំខាន់ៗដូចខាងក្រោម៖
១- សូមបងប្អូនជនរួមជាតិ, វិស័យឯកជន, អង្គការជាតិ-អន្តរជាតិទាំងអស់ចូលរួមជាកម្លាំងក្នុងចរន្តជាតិ តែមួយ, ទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ជាមួយនឹងការធ្វើឱ្យមាន សមភាពនៅក្នុងសង្គមជាតិ
២- សូមបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ យុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្ដីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង, គ្រួសារយើង, សហគមន៍យើង និងសង្គមជាតិយើង
៣- សូមប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរក សេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ, សេវាអង្គការសង្គមស៊ីវិល, សេវាឯកជន។ល។ ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាល បន្តបានទាន់ពេលវេលា
៤- សូមស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច ៤ដង
និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាច
ជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្ដាយទៅទារក
៥- សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការរើសអើងទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជា អំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅ កម្ពុជា
៦- សូមបងប្អូនក្នុងក្រុមប្រឈមខ្ពស់រួមមាន បុរសរួមភេទជាមួយបុរស, អ្នកបំប្លែងភេទ និងស្ត្រីបម្រើការ នៅគ្រឹះស្ថានសប្បាយមនុស្សពេញវ័យ ត្រូវបន្តការយកចិត្តទុកដាក់ ក្នុងការបង្ការជំងឺអេដស៍ និង ជំងឺឆ្លងផ្សេងៗទៀត ទាំងបច្ចុប្បន្ន និងអនាគត។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ក្មួយៗ យុវជន និងបងប្អូនរួមជាតិ សូមប្រកបតែនឹងពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា