ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកចុងបម្រុងចាប់រំលោភកូនស្រីដើមជាច្រើនដងពុំបានសម្រេចត្រូវកូនប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនទាន់ពេល

ចែករំលែក៖

    ខេត្តកណ្ដាល ៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់បានមកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចដើម្បីឱ្យជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនបុរសជាឪពុកចុងល្មោភកាមម្នាក់ ក្រោយពីទ្រាំរស់នៅជាមួយឪពុកចុងនោះពុំបាន ដោយសារតែជននោះប៉ុនប៉ងចាប់រំលោភនិងប្រទូស្តកេរ្តិ៍ខ្មាសលើរូបនាងជាច្រើនលើកច្រើនសា។  ករណីឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយពីករណីនេះបានកើតឡើងនៅវេលា​ម៉ោង១២យប់ រយៈពេលប្រហែល៩ខែមុន នៅចំណុចលើផ្ទះជនរងគ្រោះក្នងភូមិស្លែង ឃុំត្រពាំងវែង  ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ ។ 

មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះ​អាយុ១៥ឆ្នាំ​ (ត្រូវជាកូនដើមរបស់ប្រពន្ធ)មាន​ទីលំនៅភូមិស្លែង ឃុំត្រពាំងវែង ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដល មានមុខរបរ​កម្មការិនីរោងចក្រ។ ចំណែកជនសង្ស័យ​ ឈ្មោះ​ ខូយ ស្រន់ ភេទ​ប្រុស​ អាយុ​៤៧ឆ្នាំ​(ត្រូវជាឪពុកចុង) មានទីលំនៅភូមិស្លែងឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ​មុខ​របរ​ជាងសំណង់ (ឃាត់ខ្លួន) ។ 

ប្រភពដដែលបានឱ្យដឹងទៀតថា នៅថ្ងៃខែពុំចាំ ក្នុងឆ្នាំ២០២២នេះ វេលាម៉ោង ១២យប់ ជនសង្ស័យជាឪពុកចុង ជនរងគ្រោះ ប្រពន្ធជនសង្ស័យឈ្មោះម៉ុន ចិន្តានិងកូនតូចៗរបស់ជនសង្ស័យចំនួន៤នាក់ទៀតកំពុងដេកក្បែរគ្នានៅលើផ្ទះស្រាប់តែជនសង្ស័យបានយកដៃស្ទាបអង្អែលលើដើមទ្រូវតែស្ទាបលើអាវជនរងគ្រោះ រួចលូកដៃចូលក្នុងអាវធ្វើអំពើមិនគប្បី ។ ភ្លាមនោះជនរងគ្រោះបានយកជើងធាក់និងយកដៃគ្រវាសជនសង្ស័យចេញ រួចជនរងគ្រោះចុះមកក្រោមផ្ទះ ជនសង្ស័យក៏ចុះតាម ហើយជនរងគ្រោះឡើងលើផ្ទះវិញម្តាយភ្ញាក់ដឹងខ្លួន ជនរងគ្រោះក៏ដេកវិញទៅ។

បន្ទាប់មកលើកទីពីរនៅថ្ងៃខែពុំចាំឆ្នាំ២០២២ វេលាម៉ោង១២យប់ ពេលជនរងគ្រោះ ជនសង្ស័យ ម្តាយនិងប្អូនៗកំពុងដេកក្បែរគ្នានៅលើផ្ទះដដែលស្រាប់តែជនសង្ស័យបានស្ទាបអង្អែលប្រដាប់ភេទជនរងគ្រោះពីលើខោក្រៅនិងខោលីអូ បន្ទាប់មកក៏ចាប់ស្រាតខោក្រៅនិងខោលីអូជនរងគ្រោះត្រឹមភ្លៅហើយជនសង្ស័យស្ទាបអង្អែលប្រដាប់ភេទជនរងគ្រោះនិងធ្វើសកម្មភាពមិនល្អជាច្រើនទៀត ធ្វើឱ្យជនរងគ្រោះគ្រវាសដៃជនសង្ស័យចេញរួចស្លៀកខោចុះមកក្រោមផ្ទះដោយមិនបានដាស់ប្រាប់ម្តាយទេ។  បន្ទាប់មកម្តាយភ្ញាក់ដឹងខ្លួនជនរងគ្រោះឡើងទៅដេកលើផ្ទះវិញទៅ។

បន្ទាប់មកនៅលើកទីបី នៅថ្ងៃខែពុំចាំ ឆ្នាំ២០២២ម៉ោងប្រហែល១រំលងអធ្រាត្រពេលជនរងគ្រោះ ជនសង្ស័យ ម្តាយ ប្អូនៗ កំពុងដេកលើផ្ទះស្រាប់តែជនសង្ស័យ្ធ្វើសកម្មភាពមិនគប្បីដូចពេលមុនទៀត ពេលនោះជនរងគ្រោះបានរើខ្លួនចុះឡើងៗ ទើបជនសង្ស័យឈប់ធ្វើសកម្មភាពហើយចុះទៅក្រោមផ្ទះទៅ ។ បន្ទាប់មកទៀតជនសង្ស័យរកចាប់រំលោភសេពសន្ថវៈជនរងគ្រោះបីដងទៀតតែជនរងគ្រោះគេចខ្លួនបានរហូត។ ក្រោយមកជនសង្ស័យតែងតែលួចលបមើលជនរងគ្រោះងូតទឹកក្នុងបន្ទប់ទឹកនិងងូតទឹកនៅពាងទឹកខាងលិចផ្ទះជាច្រើនដងទៀត។ ក្រោយមកទៀតមានគេចូលស្តីដណ្តឹងជនរងគ្រោះចំនួនបីដងតែជនសង្ស័យមិនព្រមឱ្យទៅគេទេនិងបានជេរបញ្ចោរជនរងគ្រោះមិនឱ្យមានសង្សារឡើយ។

លុះដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២២ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងវែងតែម្តង។

ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះហើយ កម្លាំងប៉ុស្តិ៍នគរបាលត្រពាំងវែងសហការជាមួយកម្លាំងជំនាញ បញ្ជូនខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖