ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋលេខាធិការ លុយ ដាវីត បានទទួលជួបឧត្តមសេនីយ៍ទោ James Cowan និងជាGlobal CEO របស់អង្គការ HALO Trust ជួបសំដែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ នាព្រលប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅរសៀលថ្ងៃពុធ ទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស លោក លុយ ដាវីត រដ្ឋលេខាធិការ បានទទួលជួប លោកឧត្តមសេនីយ៍ទោ James Cowan  និងជាGlobal CEO របស់អង្គការ HALO Trust  ជួបសំដែងការគួរសម និងជម្រាបជូន លោកនូវវឌ្ឍនភាពការងាររបស់អង្គការនារយៈពេលកន្លងមកក្នុងសកម្មភាពជួយបោសសម្អាតមីននៅកម្ពុជា។ 

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបន្តថា, លោក មានប្រសាសន៍កោតសរសើរចំពោះកិច្ចប្រឹងប្រែងផ្នែកមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋកម្ពុជា និងបានជម្រុញឱ្យអង្គការបន្តបេសកកម្មរបស់ខ្លួន ដើម្បីជួយរួមចំណែកដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវទស្សនទានគ្មានមីននៅឆ្នាំ២០២៥។

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមុិញ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានទទួលជួប លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដើម្បីពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្ដរជាតិ។

នៅថ្ងៃនេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បាន អបអរសាទ “គុនល្បុក្កតោ” ត្រូវបានចុះបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ 

ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ។ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះគុនល្បុក្កតោក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច 17.COM7.b.1។

គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។ 

កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗ រូប! ៕

ដោយ : សិលា


ចែករំលែក៖