ភ្នំពេញ ៖ ក្នុងពិធីថ្លែងសុន្ទរកថា បិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នាល្ងាចថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនប្រជាពលរដ្ឋថា កម្ពុជានឹងប្រារពព្រឹត្តិការណ៏អង្គរសង្រ្កាន្ត នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ក្នុងឆ្នាំ២០២៣ខាងមុខនេះឡើងវិញ។
នៅល្ងាច ថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សូមជម្រាបថា ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។
ការប្រកួតកីឡាជាតិលើកទី៣ មានកីឡា៣៨ប្រភេទ និងកីឡាប៉ារ៉ាហ្គេម ឬកីឡាជនពិការជាតិ មាន៧ប្រភេទ ដោយមានកីឡាករកីឡាការិនីចូលរួមប្រកួតប្រជែង មកពីរាជធានី ខេត្ត និងក្រសួងចំនួន២៨។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីបិទព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជនពិការនាល្ងាចនេះ នឹងមានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើនទៀតផងដែរ។
គេហទំព័រ Facebookផ្លូវការ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ តាំងពីម៉ោង 5:00ល្ងាច ពីពហុកីឡដ្ឋានជាតិមរតកតេជោ៕
ដោយ : សិលា