ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនប៉ះអេស្ប៉ាញ រីឯកូស្តារីកាប៉ះអាល្លឺម៉ង់ ប្រជែងគ្នាយកកៅអីវគ្គ១៦ក្រុមក្នុងពូល E

ចែករំលែក៖

ការប្រកួតជុំចុងក្រោយនៃពូល E នៅរាត្រីនឹងត្រូវកាត់សេចក្តីស្វែងរក២ក្រុមឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup នៅកាតាឆ្នាំនេះ។ ក្នុងនោះក្រុមសាមូរ៉ៃជប៉ុនត្រូវប៉ះក្រុមគោជល់អេស្ប៉ាញ ខណៈក្រុមកូស្តារីកាត្រូវប៉ះក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ ដែលក្រុមទាំង៤នឹងប៉ះគ្នានៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែធ្នូ នេះ។

ក្រុមជម្រើសជាតិជប៉ុនបានបរាជ័យការប្រកួតចុងក្រោយក្រោមថ្វីជើងក្រុមកូស្តារីកាក្នុងលទ្ធផល១ទល់០ កំពុងឈរលេខ២ក្នុងពូលមាន៣ពិន្ទុ ខណៈដែលអេស្ប៉ាញបានប្រកួតចុងក្រោយស្មើជាមួយអាល្លឺម៉ង់១ទល់១ កំពុងឈរលេខ១ក្នុងពូលមាន៤ពិន្ទុ។ ការប្រកួតនេះត្រូវបានគេមើលឃើញថា ក្រុមអេស្ប៉ាញមានប្រៀបជាង ដោយសារផ្អែកលើការប្រកួតកន្លងមក និងប្រវត្តិល្អនៅ World Cup កន្លងមកដែរ។

ការជួបគ្នា១ប្រកួតរវាងជប៉ុន និងអេស្ប៉ាញកាលពីខែមេសា ឆ្នាំ២០០១ គឺអេស្ប៉ាញយកឈ្នះជប៉ុន១ទល់០ ក្នុងជំនួបមិត្តភាពអន្តរជាតិ។ តាមការព្យាករណ៍ និងការទស្សន៍ទាយរបស់វេបសាយកីឡាគឺអេស្ប៉ាញអាចយកឈ្នះ២ទល់០ ឬអាចឈ្នះ២ទល់១ នៅក្នុងការប្រកួតនារាត្រីនេះ។

ចំណែកកូស្តារីកានឹងត្រូវធ្វើការធ្ងន់ដោយត្រូវប៉ះក្រុមអាល្លឺម៉ង់ដើម្បីស្វែងរកកៅអីរៀងខ្លួនទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ កូស្តារីការបានប្រកួតឈ្នះជប៉ុនកាលពី២៧ ខែវិច្ឆិកា ក្នុងលទ្ធផល១ទល់០ ដែលធ្វើឲ្យក្រុមនេះទទួលបាន៣ពិន្ទុឈរលេខ៣ ស្មើជាមួយក្រុមជប៉ុន។ រីឯអាល្លឺម៉ង់បានត្រឹមស្មើអេស្ប៉ាញក្នុងការប្រកួតចុងក្រោយដែលធ្វើឲ្យក្រុមនេះឈរលេខ៤មានតែ១ពិន្ទុប៉ុណ្ណោះ។

ប្រវត្តិជួបគ្នា១ប្រកួតរវាងអាល្លឺម៉ង់នឹងកូស្តារីកាគឺអាល្លឺម៉ង់យកឈ្នះក្នុងលទ្ធផល៤ទល់២ ក្នុងការប្រកួតជម្រុះ World Cup កាលពីខែមិថុនា ឆ្នាំ២០០៦កន្លងទៅ។ ការប្រកួតនេះត្រូវបានគេមើលឃើញថា អាល្លឺម៉ង់អាចនឹងប្រឹងប្រែងដើម្បីយកឈ្នះកូស្តារីកាក្នុងការប្រជែងយកឲ្យបានកៅអីវគ្គ១៦ក្រុមចុងក្រោយ។

យោងតាមពិន្ទុរបស់ក្រុមនីមួយៗនៅក្នុងពូល E នេះ ប្រសិនបើអេស្ប៉ាញទប់ត្រឹមស្មើជប៉ុនក៏អាចមានលទ្ធភាពឡើងទៅកាន់វគ្គ១៦ក្រុមដែរ ហើយប្រសិនបើជប៉ុនស្មើអេស្ប៉ាញមែននេះ គេត្រូវចាំអ៊ុតមើលកូស្តារីកា និងអាល្លឺម៉ង់បើក្រុមទាំង២បន្តស្មើគ្នានោះជប៉ុននឹងមានឱកាសឡើងដែរ។ ប៉ុន្តែបើសិនជាជប៉ុនស្មើ ហើយអាល្លឺម៉ង់ឈ្នះកូស្តារីកានោះអាល្លឺម៉ងនឹងឡើង ផ្ទុយមកវិញប្រសិនបើកូស្តារីកាឈ្នះវិញនោះក្រុមនេះនឹងឡើងដែរ។

ដូច្នេះទាំង៤ក្រុមនៅក្នុងរាត្រីនេះគឺជាការប្រជែងដ៏ខ្លាំងក្លាសម្រាប់ប្រជែងយកកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយដែល២ក្រុមដែលមានកៅអីឡើងក្នុងពូល E ត្រូវប៉ះ២ក្រុមដែលឡើងដែរក្នុងពូល F

ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)


ចែករំលែក៖