ខេត្តកែប ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យការងារ សហប្រតិបត្តិការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តកែប កំពត ព្រះសីហនុ(កម្ពុជា)ជាមួយមន្ទីរនគរបាលខេត្ត គៀនយ៉ាង(វៀតណាម) ឆ្នាំ២០២២ ក្រោយការរីករាលដាលនូវជំងឺកូវីដ-១៩ ជាសកល និងការខិតខំប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់របស់រាជរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ នៅមន្ទីរនគរបាលខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ប្រតិភូនគរបាលខេត្តកែប ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរចំនួន២២នាក់។
ប្រតិភូនគរបាលខេត្តកំពត ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អុឹង សេរីរដ្ឋ ស្នងការរងនគរបាលខេត្ត និងប្រតិភូអមដំណើរចំនួន១៨នាក់។
ប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរ ចំនួន១៩នាក់។
ខេត្តគៀនយ៉ាង វៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ង្វៀង វ៉ាន់ហឹង នាយកមន្ទីរនគរបាលខេត្ត គៀនយ៉ាង សមាជិកអមដំណើរចំនួន៤០នាក់។
អង្គប្រជុំបានស្តាប់របាយការណ៍ បូកសរុបលទ្ធផល នៃកិច្ចប្រតិបត្តិការ ការពារសន្តិសុខព្រំដែន បង្ការទប់ស្កាត់ បង្ក្រាបបទបទល្មើនានា តាមតំបន់ព្រំដែនគោក និងតាមតំបន់ទឹកប្រវត្តិសាស្ត្រ នៃប្រទេសទាំង២ រួមមាន៖ បទល្មើសឆ្លងដែន បទល្មើសនេសាទ ការជួញដូរមនុស្ស ការជួញដូរផ្លូវភេទ ការជួញដូរអាវុធ ការជួញដូរគ្រឿងញៀន បទល្មើសសេដ្ឋកិច្ច ប ទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗទៀត។
ក្នុងឱកាសនោះដែរ លោកនាយកមន្ទីរនគរបាលខេត្ត គៀនយ៉ាង វៀតណាម និង លោកស្នងការ នគរបាលទាំងបីខេត្ត ខាងកម្ពុជា បានមានប្រសាសន៍ ដោយបានឯកភាពលេីរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំកន្លងមក ព្រមទាំងបន្ត ប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្តកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ព្រំដែន រវាងប្រទេសទាំងពីរ ប្រែក្លាយព្រំដែននៃប្រទេសទាំងពីរ ប្រកបដោយ សុខសន្តិភាព និងការអភិវឌ្ឍន៍ និងបន្តរឹតចំណងមិត្តភាពឲ្យកាន់តែរឹងមាំបន្ថែមទៀត អង្គប្រជុំក៏បានបញ្ចប់ដោយភាគីទាំងសងខាងបានចុះហត្ថលេខា និងជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នាទៅវិញទៅមកផងដែរ៕
ដោយ៖ចន្ទ លីហ្សា