លោកខាងលិចបានប៉ាន់ស្មានថា យោធាអ៊ុយក្រែនបានបាត់បង់ទាហានរហូតដល់១សែននាក់នៅក្នុងជម្លោះយោធាជាមួយរុស្ស៊ី។ លោកខាងលិចក៏ទទួលស្គាល់ដែរថា រុស្ស៊ីមានធនធានដ៏សម្បើមដើម្បីទ្រទ្រង់ជម្លោះរយៈពេលយូរ ខណៈដែលអ៊ុយក្រែនមិនមាននោះឡើយ។
ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានសរសេរថា អ៊ុយក្រែនបានបាត់បង់ទាហាន ដល់ទៅ១សែននាក់នៅក្នុងការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយរុស្ស៊ីចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២២មក ។ តួលេខដែលផ្តល់ដោយថ្នាក់ដឹកនាំ EC គឺស្របនឹងការលើកឡើងរបស់ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley។ នៅក្នុងសុន្ទរកថានៅឯសន្និសីទក្នុងទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ឧត្តមសេនីយ Milley បាននិយាយថា ភាគីរុស្ស៊ីមានទាហានជាង ១សែននាក់ត្រូវបានសម្លាប់ឬរងរបួសនៅក្នុងជម្លោះអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ហើយចំនួនអ្នកស្លាប់នៅខាងអ៊ុយក្រែនគឺស្រដៀងគ្នា។
ទន្ទឹមនឹងនេះ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានប្រាប់ស្ថានីយទូរទស្សន៍អ៊ុយក្រែននៅថ្ងៃទី១ ខែធ្នូថា កងទ័ពរបស់ប្រទេសនេះបានបាត់បង់ទាហានប្រហែល ១០.០០០ទៅ ១៣.០០០នាក់នៅក្នុងជម្លោះយោធាចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។
លោក Podolyak បានប្រាប់សារព័ត៌មាន Kanal 24 ថា “យើងមានតួលេខផ្លូវការពីអគ្គសេនាធិការពីមេបញ្ជាការកំពូល ។ តាមនោះ ទាហានចន្លោះពី ១០.០០០ ទៅ ១៣.០០០ នាក់បានស្លាប់ក្នុងសមរភូមិ”។
ក្រៅពីផ្នែកយោធា អ៊ុយក្រែនក៏បានរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរផងដែរ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីជាបន្តបន្ទាប់ (ជាមួយកាំជ្រួចមីស៊ីល យន្តហោះ និង UAVs)។ ទន្ទឹមនឹងនេះ ប្រជាជនអ៊ុយក្រែនរាប់លាននាក់ត្រូវបានជម្លៀសចេញពីប្រទេស ដែលធ្វើឱ្យអ៊ុយក្រែនកាន់តែបាត់បង់កម្លាំងទាហានសម្រាប់ជម្លោះប្រដាប់អាវុធនេះ៕
ដោយ៖ ធីរីណា(រូបថត៖ Reuters )