ខេត្តបាត់ដំបង ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃសៅរ៍ទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ សមត្ថកិច្ចជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅទីតាំងស្រុកមោងឫស្សី កាលពីថ្ងៃទី០២ ខែធ្នូម្សិលមិញនេះ នៅចំណុចខាងត្បួងបឹងទឹកជោរ ភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការនោះដឹកនាំលោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលដឹកនាំការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ បឿ អាត នាយរងការិយាល័យប្រឆាំងបទសេដ្ឋកិច្ច ប្រធានក្រុមប្រតិបត្តិការគោលដៅស្រុកមោងប្ញស្សី, លោកវរសេនីយ៍ឯក ស គឹមឡុង អធិការស្រុកមោងឫស្សី លោក តោ ថារី នាយរងផ្នែករដ្ឋបាលជលផលអន្លង់វិល លោកវរសេនីយ៍ទោ អ៊ី សេងហុង ប្រធានស្នាក់ការទិសទន្លេសាបភូមិភាគទី៥ សហការណ៍ជាមួយសហគមន៍នេសាទ ឃុំតាលាស់ សរុបចំនួន ១០នាក់ និងប្រើប្រាស់សម្ភារៈរួមមាន កាណូតស្មាច់ ០៣គ្រឿង, កណ្តៀវ ០៤ដើម និងកាំបិតចំនួន ០៣ដើម។
ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖ - សាច់មងប្រវែង ៧០០ម៉ែត្រ, - ឡុកចាប់ត្រីចំនួន ០២គ្រឿង, - បង្គោលចំនួន ២៣៥ដើម និងលេងត្រីនិងកូនត្រីចម្រុះ ៥០គីឡូក្រាម ។
ចំពោះករណីនេះ រាល់វត្ថុតាងដែលបង្ក្រាបបាន សមត្ថកិច្ចកាប់បំផ្លាញនិងដុតកម្ទេចចោលនៅនឹងកន្លែង ។ ដោយឡែកជនសង្ស័យបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍ ៕
ដោយ៖សហការី