ភ្នំពេញ៖ រាជធានីភ្នំពេញនិងរដ្ឋធានីវៀងចន្ទបាន ជំរុញ ទំនាក់ទំនងការទូតរវាងទីក្រុងទាំងពីរឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ដើម្បីបម្រើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ការជំរុញនេះបានធ្វើឡើង នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងជំនួបពិភាក្សាទ្វេភាគីរវាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក អាត់សាផានថង ស៊ីផានជូន អភិបាលរដ្ឋធានីវៀងចន្ទ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។
ក្នុងឱកាសនោះ ភាគីទាំង២ បានផ្លាស់ប្ដូរមតិយោបល់ និងពិភាក្សាលើកិច្ចការផ្សេងៗទៀត ដូចជា ត្រួតពិនិត្យលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីវៀងចន្ទ និងរាជធានីភ្នំពេញ ការគ្រប់គ្រងទេសចរណ៍ រដ្ឋបាលទីក្រុង និងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។
លោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ៤០ឆ្នាំមុន រាជធានភ្នំពេញ ជាទីក្រុងខ្មោច តែក្រោយពេលរំដោះប្រទេសជាតិ ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើឲ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើន ដែលយើងបានឃើញស្រាប់នៅពេលនេះ ។ ក្រោមសន្តិភាព ជាង២០ឆ្នាំ រាជធានីភ្នំពេញមានរចនាសម្ព័ន្ធ មានការអភិវឌ្ឍលើគ្រប់វិស័យ ដែលនេះបង្ហាញឲ្យឃើញពីតម្លៃនៃសន្តិភាព។
លោកក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងបានយ៉ាងល្អទាំងសន្តិសុខទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ។ប៉ុន្តែទោះបី ជាមានការរីកចម្រើនយ៉ាងណាក្តី បញ្ហាប្រឈម ក៏នៅកើតមាន តម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញ ធ្វើការដោះស្រាយ ពិសរស ការកកស្ទះចរាចរ បញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន យើងបានដោះស្រាយជាបន្តបន្ទាប់ ដោយការកសាង ស្ពានអាកាសជាច្រើនកន្លែង ហើយយើង ក៏នៅតែដកស្រង់មកពិសោធន៍ពីបណ្ដា រាជធានី រដ្ឋធានីរបស់គេផ្សេងទៀត សំដៅធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
លោក អាត់សាផានថង ស៊ីផានជូន អភិបាលរដ្ឋធានីវៀងចន្ទ ក្នុងឱកាសនោះក៏បានសម្ដែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានរៀបចំកិច្ចប្រជុំអាស៊ានក្រុងអាស៊ាននេះទទួលបានជោគជ័យ។បន្ថែមពីនេះរដ្ឋបាលរាជធានីភ្នំពេញបានគ្រប់គ្រងការទប់ស្កាត់នូវការរីករាលជំងឺ covid 19 បានយ៉ាងល្អ រហូតទទួលបានការកោតសរសើរពីឆាកអន្តរ ជាតិ។
លោកអាត់សាផានថង ស៊ីផានជូន ក៏បានលើកឡើងពីការអភិវឌ្ឍន៍រីកចម្រើនមួយចំនួននៅក្នុងរដ្ឋធានីវៀងចន្ទ ដោយរដ្ឋធានីនេះ បានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាមួយ ការពង្រីកនៅវិស័យទេសចរណ៍ ពង្រីកការដឹកជញ្ជូនជាដើម។ លោកចង់ឱ្យមានការ
ផ្លាស់ប្ដូរបញ្ជូនអាហារូបករណ៍ដល់និស្សិតនៃទីក្រុងទាំងពីរអោយបានសិក្សានៅប្រទេសឡាវ ក៏ដូចជានិស្សិតឡាវមកសិក្សានៅរាជធានីភ្នំពេញ និងការសូមឱ្យទំនាក់ទំនង រវាងរាជធានីភ្នំពេញនិងរដ្ឋធានីវៀងចន្ទ
កាន់តែល្អប្រសើរមួយកម្រិតថែមទៀត ដើម្បីបម្រើអោយផលប្រយោជន៍នៃប្រជាជាតិទាំងពីរ ។បន្ថែមពីនេះ លោកអភិបាលរដ្ឋធានីវៀងចន្ទ ក៏បានអញ្ជើញលោកអភិបាលរាជធានីភ្នំពេញ ដឹកនាំប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវៀងចន្ទនៅពេលខាងមុខនេះ។ ចំពោះការស្នើឡើងជុំវិញការផ្លាស់ប្ដូរអាហារូបករណ៍និស្សិតទៅសិក្សានៅប្រទេសឡាវ និងនិស្សិតឡាវមកសិក្សានៅរាជធានីភ្នំពេញ អភិបាលរាជធានីភ្នំពេញបានឯកភាព ។ចំណែក អញ្ជើញលោកអោយដឹកនាំប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវៀងចន្ទ លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នឹងរៀបចំប្រតិភូ ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវៀងចន្ទ នៅក្នុងពេលវេលាសមស្របមួយ ៕
ដោយ ៖ សំរិត