ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង តារា ៖ តើកូនដាច់ចិត្តបោះបង់ឪពុកបង្កើតចោលព្រោះតែជំងឺរាំរ៉ៃ?

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា, លោក ជីប ហួរ អាយុ៥២ឆ្នាំ ត្រូវបានប្រពន្ធនិងកូនបោះបង់ចោលឱ្យរស់នៅឯកោម្នាក់ឯងក្រោយដឹងថាគាត់មានជំងឺច្រើនមុខរាំរ៉ៃ។ គាត់បានចាកចេញពីភ្នំពេញទៅរស់នៅខេត្តតែម្នាក់ឯង។ 

កន្លងទៅ ដោយដាច់អាហារខ្លាំងគាត់ដាច់ចិត្តសុំខ្ញុំមី១កេសដើម្បីបានបន្តជីវិត។ ខ្ញុំបានជួយគាត់ច្រេីនរួមទាំបានស្នើសុំមន្ទីរពេទ្យចិនប៊ីធន​ នៅភ្នំពេញឱ្យជួយព្យាបាលគាត់មួយរយៈ ដែលបានធ្វើឱ្យសុខភាពគាត់វិលមកសភាពល្អប្រសើរឡើងវិញ។ មុនពេលវិលត្រឡប់ទៅខេត្តវិញ សម្តេចតេជោលោកបានជួយឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ដោះស្រាយទិញស្បៀងអាហារផងដែរ។

លោករដ្ឋលេខាធិការ បន្តថា, ថ្មីៗនេះជំងឺគាត់បានរើកាន់តែខ្លាំងឡើងវិញដែលធ្វើឱ្យប៉ះពាល់ឈឺចាប់ផ្នែកក្បាលយ៉ាងខ្លាំង។ គាត់គ្មានប័ណ្ណក្រីក្រ ហើយក៏មិនមានចំណូលអ្វីសម្រាប់ដោះស្រាយម្ហូបអាហារ ឬចំណាយលើការព្យាបាលនិងថ្នាំពេទ្យឡើយ។ 

ដោយមិនអាចឈរមើលគាត់ស្រែកយំដោយក្តីអស់សង្ឃឹមខ្ញុំក៏បានស្នើសុំជំនួយពីមន្ទីរពេទ្យកាល់ម៉ែតជាបន្ត។ ពេលនេះខាងមន្ទីរពេទ្យបានផ្តល់កន្លែងស្នាក់នៅ និងបានពិនិត្យព្យាបាលជំងឺគាត់យ៉ាងយកចិត្តទុកដាក់។

ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយ​ និងងឿងឆ្ងល់បំផុតនោះគឺ លោក ជីប ហួរ មានប្រពន្ធនិងកូន ប៉ុន្តែពួកគេបែរជាបោះបង់រូបគាត់ចោលទៅវិញ​ គឺចោលគាត់ជាង៦ឆ្នាំកន្លងមកនេះ។ 

ទោះបីគាត់សំពះអង្វរសុំឱ្យកូនបានមកជួបឬមកជួយយកគាត់ទៅមន្ទីរពេទ្យ ក៏មិនមានអ្នកណាមកជួយគាត់ទេ។ តើហេតុអ្វីបានជាដូច្នេះ? ឪពុកនិងកូនទោះបីឪពុកធ្លាក់ខ្លួនក្នុងសភាពបែបណា កូនគួរផ្តល់ឱកាស​ និងពេលវេលាដល់គាត់ខ្លះដើម្បីជីវិតចុងក្រោយ ជាពិសេសក្នុងពេលដែលឪពុកកំពុងធ្លាក់ខ្លួនឈឺទ្រុឌទ្រោមដោយក្តីអស់សង្ឃឹមបែបនេះ។

ខ្ញុំសូមអរគុណលោកប្រធានមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត និងបុគ្គលិកមន្ទីរពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសង្រ្គោះអាយុជីវិតគាត់ឱ្យមានដង្ហើមដកឡើងវិញ។ ពេលនេះគាត់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។ បងប្អូនអាចជួយគាត់បានទៅតាមសទ្ធារជ្រះថ្លា។

យើងរួមគ្នាកសាងអំពើល្អដោយចិត្តជ្រះថ្លា ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមដោយគ្មានការរើសអើងក្រោមម្លប់សន្តិភាពតែមួយ ៕

ដោយ : សិលា


ចែករំលែក៖