ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ ៖ ការបូកសរុបដំណើរការសំណេរ នាថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ពី ដំណើរការសំណេរនាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ពេលព្រឹកមានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា ជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម  ដោយឡែករសៀល មាន២មុខវិជ្ជាគឺ គីមីវិទ្យា ភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ភូមិវិទ្យា ភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ 

នៅថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន ២៣៤០នាក់ ស្រី១០២៨នាក់ មានបញ្ហាសុខភាព៣១នាក់ ដែលក្នុងនោះមានគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល ២ករណី និងម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។  បេក្ខជនដែលមានបញ្ហាសុភាពមួយចំនួនបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ដោយឡែក បេក្ខជន២នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយក្នុងនោះ១នាក់បានត្រឡប់មកប្រឡងវិញ ក្រោយទទួលបានការព្យាបាល។ ក្នុង នោះ អនុរក្សចំនួន១នាក់ មានបញ្ហាសុខភាព ប៉ុន្ដែអាចបន្តការងាររហូតដល់បញ្ចប់ការប្រឡងថ្ងៃទី១នេះ។  ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។  ដោយឡែកអាកាសធាតុនៅមណ្ឌលប្រឡងមួយចំនួនមិនអំណោយផល មានភ្លៀងធ្លាក់ដោយកន្លែង។

នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ 

សម្រាប់ឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២ ៧០០នាក់៕ 


ដោយ : សហការី


ចែករំលែក៖