ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ និងកិច្ចប្រជុំពេញអង្គលើកទី២៩ របស់ខ្លួននៅថ្ងៃទី១៥ដល់១៦ ខែធ្នូ ឆ្នាំ២០២២ នាសណ្ឋាគារសូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្តថា, កិច្ចប្រជុំទាំងពីរនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា រួមនឹងសហប្រធានគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ ដែលមានលោក ឯកអគ្គរដ្ឋទូតប្រទេសបារាំងប្រចាំប្រទេសកម្ពុជា និងឯកឧត្តម ឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា។
របៀបវារ:នៃកិច្ចប្រជុំទាំងពីរអង្គនេះ នឹងផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ តាមដានការអនុវត្តអនុសាសន៍កិច្ចប្រជុំកន្លងមក អំពីកិច្ចការអភិរក្សជួសជុល និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ របាយការណ៍សកម្មភាពស្តីអំពីការងារអភិរក្ស និងកិច្ចការស្រាវជ្រាវបុរាណវិទ្យា។
សូមបញ្ជាក់ថា អាយស៊ីស៊ី-អង្គរ រៀបចំកិច្ចប្រជុំរបស់ខ្លួនពីរដងក្នុង១ឆ្នាំ ម្តងជាមួយសមាជិក គឺកិច្ចប្រជុំពេញអង្គ និងម្តងទៀត គឺកិច្ចប្រជុំបច្ចេកទេស៕
ដោយ : សហការី