ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលទាំងកណ្ដាលថ្ងៃត្រង់កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិព្រៃវែងខាងកេីត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ខណៈដែលម្ចាស់ផ្ទះចុះមកស្រង់កុងទ័រទឹកភ្លេីង ស្រាប់តែប្រទះឃេីញស្ត្រីម្នាក់ដែលជាអ្នកជួលផ្ទះបានដេកស្លាប់ក្នុងបន្ទប់ទាំងទ្វារចាក់សោនៅខាងក្រៅ ។
សាកសពជនរងគ្រោះខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមសម្តីម្ចាស់ផ្ទះជួលខាងលើបានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានអាយុប្រហែលជា២៧ឆ្នាំ មានសម្បុរ.ស ទើបតែមកជួលបន្ទប់របស់គាត់ស្នាក់នៅបានរយៈពេល៣ថ្ងៃប៉ុណ្ណោះ និងមានបុរសម្នាក់ទៀតវ័យកណ្តាលសង្ស័យជាគូស្នេហ៍លួចលាក់នៅជាមួយ ។ លុះនៅពេលកេីតហេតុ រូបគាត់ជាម្ចាស់ផ្ទះជួលបានចុះមកស្រង់កុងទ័រទឹកភ្លើងតាមបន្ទប់ជួលនីមួយៗ ក៏ឃើញបន្ទប់របស់ស្ត្រីរងគ្រោះចាក់សោបន្ទប់ជួលពីខាងក្រៅ ហើយមានក្លិនស្អុយសាយភាយចេញមកខាងក្រៅ តែរូបគាត់ស្មានតែមានកណ្តុរងាប់ក្នុងបន្ទប់។ ដោយមានការសង្ស័យ រូបគាត់បានអើតមើលតាមបង្អួចក៏ប្រទះឃើញសាកសពនារីរងគ្រោះខាងលើដណ្តប់ភួយដេកស្លាប់នៅលើកន្ទេល បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានភ្លាមៗផងដែរ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលេីនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ព្រៃវែង សហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌដង្កោ និងកម្លាំងជំនាញនគរបាលការិយាល័យកោសល្យវិច័យនិងបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកការស្រាវជ្រាវ និងធ្វើការពិនិត្យសាកសពស្ត្រីរងគ្រោះខាងលើនេះដើម្បីបញ្ជាក់ឱ្យបានច្បាស់ថា តើការស្លាប់របស់ស្ត្រីរងគ្រោះខាងលេីគឺជាកណីអ្វីឲ្យពិតប្រាកដ ពីព្រោះក្នុងបន្ទប់ជួលខាងលេីក៏មានបុរសម្នាក់សង្ស័យជាប្រុសស្នេហ៏ធ្លាប់នៅជាមួយដែរ តែពុំឃើញនៅទីតាំងកើតហេតុ និងម៉ូតូម៉ាកហុងដាវ៉េវមួយគ្រឿងដែលជាម៉ូតូរបស់ប្រុសស្នេហ៍ស្ត្រីរងគ្រោះនៅក្នុងបន្ទប់ ព្រមទាំងចាក់សោទ្វារបន្ទប់ជួលពីខាងក្រៅផងដែរ ៕
IMG_6374 IMG_6375 IMG_6367 IMG_6368
ដោយ ៖ ភារ៉ា ដង្កោ