ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានាធិបតីអាហ្សង់ទីន ត្រូវបានកាត់ទោសឱ្យជាប់គុក៦ឆ្នាំពីបទពុករលួយ

ចែករំលែក៖

លោកស្រី Cristina Fernandez de Kirchner អនុប្រធានាធិបតីបច្ចុប្បន្នរបស់ប្រទេសអាហ្សង់ទីន នឹងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំពីបទពុករលួយ និងត្រូវបានហាមឃាត់មិនឱ្យកាន់តំណែងសាធារណៈអស់មួយជីវិត។ នេះបើយោងតាមសេចក្តីសម្រេចរបស់តុលាការសហព័ន្ធនៅទីក្រុង Buenos Aires ។
កាលពីថ្ងៃទី៦ ខែធ្នូ អនុប្រធានាធិបតីអាហ្សង់ទីនបច្ចុប្បន្នលោកស្រី Cristina Fernandez de Kirchner ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំពីបទពុករលួយ និងត្រូវបានហាមឃាត់ចូលរួមនយោបាយនិងកាន់តំណែងសាធារណៈអស់មួយជីវិត។
បន្ទាប់ពីរយៈពេលបីឆ្នាំកន្លះនៃដំណើរការនីតិវិធីដោយមានការចូលរួមពីសាក្សីជាង១០០នាក់ តុលាការសហព័ន្ធក្នុងរដ្ឋធានី Buenos Aires បានប្រកាសសាលក្រមប្រឆាំងនឹងអនុប្រធានាធិបតី Kirchner ។ ទោះជាយ៉ាងណា លោកស្រីនឹងនៅមានសេរីភាពរហូតដល់ចប់អាណត្តិ ដោយសារអភ័យឯកសិទ្ធិ។
លោកស្រី Kirchner បានបម្រើការជាអនុប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាអាហ្សង់ទីន ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៩មក។ លោកស្រីអាចត្រូវបានដកអភ័យឯកសិទ្ធិដោយសំឡេងពីរភាគបីប៉ុណ្ណោះ ដែលនេះជាភាពមិនអាចទៅរួចក្នុងសភាជាន់ខ្ពស់។ លោកស្រីក៏មានសិទ្ធិប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសនេះទៅតុលាការកំពូលផងដែរ។
លោកស្រី Kirchner បានបដិសេធរាល់ការចោទប្រកាន់ ដោយហៅវាថាជាទង្វើនយោបាយ និងមានភាពមិនប្រក្រតី។ ក្នុងរយៈពេលប៉ុន្មាននាទីនៃការសម្រេចនេះ លោកស្រី បាននិយាយថា វាហួសពី “ច្បាប់” របស់អាហ្សង់ទីន៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖