ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃពុធទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ តាមការដកស្រង់ចេញពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា ម្រេច (Black pepper) ដើមវារឡើងទ្រើងប្រវែង ៥-៨ម មានឫសតាមថ្នាំងសម្រាប់តោង។ស្លឹកឆ្លាស់ ស្រួចចុង ពណ៌បៃតងក្រម៉ៅរលោង ១០-១៥ x ៥-៩ ស.ម។ កញ្ចុំផ្កាជាកួរ ដុះទល់ស្លឹក។ ផ្កាគ្មានទង គ្មានត្របក គ្មានស្រទាប់ មានកេសរឈ្មោល២-៦។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ផ្លែ មានសាច់ក្រៅទន់មានគ្រាប់តែ១ រាងមូលតំរៀបជាកួរវែងៗ។ ផ្លែខ្ចីពណ៌បៃតងចាស់ ពេលទុំមានពណ៌លឿង ក្រហម រួចប្រែជាពណ៌ខ្មៅ សម្បកជ្រួញ ក្រោយពេលហាលស្ងួត។ មានក្លិនឆួល រសជាតិហឹរ បន្តពូជដោយខ្នែង ដាំនៅតំបន់មានអាកាសធាតុក្តៅ ពិសេសដីក្រហម។
គួរជម្រាបថា ចំពោះការប្រើប្រាស់បានជា គ្រឿងទេស ឱសថ និងផ្សេងៗ៖ គ្រឿងទេស បង្កើនរសជាតិហឹរ ឆា ប្រឡាក់ ចំហុយ។ល។ ឱសថ ព្យាបាលគ្រុន ចុកពោះ និងជួយរំលាយអាហារ។ ផ្សេងៗ គេធ្វើម្រេចស ឬម្រេចអាចម៍សត្វ ដោយយកម្រេចទុំ មកលាងឈ្លីយកសម្បកចេញ និងហាលឱ្យស្ងួត៕
ដោយ៖សហការី