ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ទេសចរណ៍​៖​ សប្ដាហ៍ចុងខែវិច្ឆិកានិងដើមខែធ្នូ ទទួលបានភ្ញៀវទេសចរជាង៥៥ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖​ យោងតាម​ការបញ្ជាក់​ពី​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃពុធទី​០៧​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប៥៥៤,០៦២នាក់ ក្នុងនោះភ្ញៀវជាតិ៥១៥,៤០៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៨,៦៥៣នាក់។ តួលេខនេះមានកំណើន ៤៩.៩៨% ធៀបនឹងសប្តាហ៍កន្លងមក។

ក្រសួងទេសចរណ៍​ បានឱ្យដឹងទៀតថា​ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តកំពង់ឆ្នាំង ២០៩,៦៨០នាក់

* ខេត្តព្រះសីហនុ ១៤៦,៤៣៩នាក់

* ខេត្តសៀមរាប ៤៥,៥៥៦នាក់

* រាជធានីភ្នំពេញ ២៩,០៨៧នាក់

* ខេត្តកំពត ២២,២៤២នាក់

* ខេត្តបាត់ដំបង ១៥,៣១៥នាក់

* ខេត្តកែប ១៥,១៨៣នាក់

* ខេត្តកំពង់ចាម ១១,៥១៣នាក់។

នាសប្តាហ៍កន្លងមក រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប តាំងពិព័រណ៌និងបាញ់កាំជ្រួច កាលពីថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២២ ដោយបានទាក់ទាញភ្ញៀទេសចរ និងប្រពលរដ្ឋប្រមាណ២០ម៉ឺននាក់ឱ្យមកកម្សាន្តផងដែរ ខណៈដែលខេត្តព្រះសីហនុនៅតែបន្តទទួលបានភ្ញៀវទេសចរច្រើនជាង១៤ម៉ឺននាក់ នាសប្តាហ៍កន្លងមក។

ដោយឡែក ក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាបបានរៀបចំកម្មវិធី​រត់ប្រណាំង​ពាក់​​កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ (Angkor International Half Marathon) លើក​ទី២៧​ កាលពីថ្ងៃទី៤ ខែធ្នូឆ្នាំ ​២០២២ ដោយមាន​អ្នកចូលរួម​ជិត៨​ពាន់​នាក់ ក្នុងនោះអ្នករត់ប្រណាំងអន្តរជាតិមានជិត២០០០នាក់ មកពី​៦៩ប្រទេស។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធបានកំពុងត្រៀមរៀបចំពិធីបុណ្យសមុទ្រចាប់ពីថ្ងៃទី៩-១១ ខែធ្នូ អមជាមួយមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២។

គួរជម្រាបថា ក្នុងរយៈពេល១១ខែឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង១០លាននាក់ហើយ ដែលបានដើរកម្សាន្តក្នុងទូទាំងប្រទេស។ តាមការប៉ាន់ស្មាន អាចមានទេសចរផ្ទៃក្នុងជិត១១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ៕

ដោយ​៖សហការី​


ចែករំលែក៖