ភ្នំពេញ៖ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ Raffles Le Royal លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក “គម្រោងនៃបច្ចេកវិទ្យា5G និងអនាគតឌីជីថលរបស់ប្រទេសកម្ពុជា” ដែលរៀបចំដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងផ្នែកពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យឌីជីថល។
ពិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមចំណែកលើកិច្ចពិភាក្សា អំពីអនាគតឌីជីថលរបស់កម្ពុជា ទាក់ទងទៅនឹងការប្រើប្រាស់បច្ចេកវិទ្យា5G និងសន្តិសុខសាយប័រ ព្រមទាំងធ្វើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅគ្រប់កម្រិត ដែលរួមមាន បណ្ដាញខ្សែកាប្លិ៍អុបទិក បណ្ដាញទូរសព្ទចល័ត និងការបញ្ជ្រាបចំណេះដឹងដល់អ្នកប្រើប្រាស់ឱ្យកាន់តែប្រសើរឡើង។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ បានកំណត់ពីភាពចាំបាច់នៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រឹងមាំ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាសម្រាប់សម្រួលដល់ការផ្តល់សេវាសាធារណៈ និងការបរិវត្តកម្មឌីជីថលនៅគ្រប់វិស័យ រួមទាំងការកសាងអនាគតឌីជីថលប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តជាមួយប្រព័ន្ធ 5G សម្រាប់ប្រជាជនកម្ពុជា ៕
ដោយ : សហការី