ទីក្រុងបាងកក ៖ ថ្លែងប្រាប់ថ្នាក់ដឹកនាំសមាគមធុរកិច្ចថៃ-កម្ពុជា (TCBC) លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានគូសបញ្ជាក់ថា បេសកកម្មជំរុញការទូតសេដ្ឋកិច្ច មិនបានចាប់ផ្តើមជាមួយរូបលោក និងបញ្ចប់ដោយសារការចាកចេញរបស់លោកឡើយ គឺនៅតែឆ្ពោះទៅមុខជានិច្ចជាមួយផែនការថ្មីៗ ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា, នៅក្នុងកម្មវិធីជប់លៀងជូនដំណើររៀបចំដោយ TCBC កាលពីរាត្រីថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០២២ លោកឯកអគ្គរាជទូត បានស្នើលោក Voratat Tantimongkolsuk ប្រធានសមាគមដែលទើបទទួលការតែងតាំងថ្មី បន្តសហការជាមួយស្ថានទូត និងសមាគមក្រុមប្រឹក្សាធុរកិច្ចកម្ពុជាប្រចាំទីក្រុងបាងកក (CBC) ដើម្បីជួយគាំពារ និងលើកស្ទួយអត្ថប្រយោជន៍ធុរជនខ្មែរ ដែលកំពុងប្រកបមុខរបរផ្សេងៗនៅក្នុងប្រទេសថៃ ក៏ដូចជាជួយសម្រួលការនាំទំនិញចេញ-ចូលរបស់ពាណិជ្ជករនៅតាមព្រំដែន។
ជាការឆ្លើយតប លោក Voratat Tantimongkolsuk និងសមាជិកនាយក បានសម្តែងការស្វាគមន៍ចំពោះសំណើខាងលើ និងបានសន្យាពង្រឹងកិច្ចសហការជាមួយស្ថានទូត និងបន្តធ្វើការជាមួយភាគីពាក់ព័ន្ធនៅក្នុងប្រទេសទាំងពីរ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងកម្ពុជា និងថៃឡង់ដ៍៕
ដោយ : សហការី