ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ផ្ញើសារលិខិតអបអរសាទរជូនចំពោះ ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វិក និងកីឡាករ-កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងព្រឹត្តការណ៍ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ញើលិខិតអបអរសាទរ ជូនចំពោះថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។

តាងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវសេចក្តីសោមនស្ស រីករាយ ចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ-ការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ។

ភាពជោគជ័យក្នុងការដណ្ដើមជ័យលាភីលំដាប់កំពូល ដោយទទួលបានមេដាយសរុបចំនួន ២១១គ្រឿង រួមមានមេដាយមាស១០៣គ្រឿង ប្រាក់ ៥៨គ្រឿង និងសំរឹទ្ធ ៥០គ្រឿង នាឱកាសនេះបានឆ្លុះបញ្ចាំងអំពីសមត្ថភាព ប្រកបដោយទេពកោសល្យ និងបទពិសោធន៍របស់កីឡាករ-ការីនីកងកម្លាំងនគរបាលជាតិ ដែលបានឆ្លៀតពេលវេលា ដ៏មមាញឹកពីការបំពេញភារកិច្ចស្នូល ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ចូលរួម ក្នុងវិស័យកីឡា ជាពិសេសបានខិតខំប្រឹងប្រែងហ្វឹកហាត់បច្ចេកទេសប្រកបដោយភាពអត់ធ្មត់ និងការប្ដេជ្ញាចិត្តខ្ពស់ ព្រមទាំងបានចូលរួមប្រកួតរហូតទទួលបានជោគជ័យ រួមចំណែកលើកស្ទួយកិត្តិយស និងកិត្យានុភាពរបស់កងកម្លាំង នគរបាលជាតិ។ ជ័យជំនះប្រកបដោយមោទនភាពនេះ ក៏ជាសក្ខីកម្មនៃកិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងបង្វឹក ដោយការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ប្រតិភូ និងគ្រូបង្វឹក នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខ និងកោតសរសើរដ៏ស្មោះចំពោះថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ-ការិនីទាំងអស់ និងសូមលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បី ឈានឆ្ពោះទៅរកជ័យជំនះក្នុងការប្រកួតកីឡាស៊ីហ្គេម ២០២៣ នាពេលខាងមុខ។

ជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ បវរមហាប្រសើរជូន ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-ការិនីទាំងអស់ សូមជួបប្រទះនូវពុទ្ធពរ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបទឹក និងកីឡាករ-ការិនី នៃក្រុមប្រឹកីឡាក្រសួងមហាផ្ទៃ ទទួលនូវការ ស្រលាញ់រាប់អានដ៏ស្មោះអំពីយើងខ្ញុំ ៕

ដោយ : សិលា


ចែករំលែក៖