ខេត្តកណ្ដាល ៖ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបាន៣ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃគ្រោងដំណើរការសាងសង់រយៈពេល២ឆ្នាំ ខណៈបច្ចុប្បន្នមន្ត្រីជំនាញ កម្ពុជា-ជប៉ុន បានចុះត្រួតពិនិត្យវឌ្ឍនភាពការ សាងសង់នេះ ដើម្បីឈានទៅបញ្ចប់នៅឆ្នាំ២០២៤ ខាងមុខ…។
ថ្លែងក្នុងដំណើរចុះពិនិត្យគម្រោងនៅថ្ងៃទី៧ ខែធ្នូលោកចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យដឹងថា រាជរដ្ឋាភិបាលជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអិវឌ្ឍន៍នៅកម្ពុជា ជាពិសេសនៅក្នុងវិស័យទឹកស្អាត ដើម្បីធានានិរន្តរភាព ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ។ លោកទេសរដ្ឋមន្ត្រីបន្តថា បន្ទាប់ពីសាងសង់រួច គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ នឹងចូលរួមចំណែកដល់បញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ ជាពិសេសគម្រោងនេះនឹងអាចឆ្លើយតប ទៅលើតម្រូវការផ្គត់ផ្គង់ទឹកស្អាត ទៅដល់ព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់ និងការចែកចាយទៅដល់ប្រជាពលរដ្ឋនៅជុំវិញព្រលានយន្តនោះថែមទៀត។
ឆ្លៀតឱកាសនោះលោកចមប្រសិទ្ធបានស្នើទៅអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ការពារប្រភពទឹក ការពារសុវត្ថិភាពអាងប្រព្រឹត្តិកម្មផងដែរ។
ដោយឡែក លោក មីកាមិ ម៉ាស្សាហ៊ីរ៉ូ MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក៏បានវាយតម្លៃខ្ពស់ ចំពោះសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើននៅកម្ពុជា។ ជាក់ស្តែងសមិទ្ធផលនាថ្ងៃនេះ ដែលមានសារសំខាន់ណាស់ សម្រាប់ចូលរួមចំណែកនូវគោលនយោបាយអភិវឌ្ឍវិស័យទឹកស្អាតរបស់កម្ពុជាផងដែរ។
គួរបញ្ជាក់ថា ការអភិវឌ្ឍគម្រោងទឹកស្អាតនៅក្រុងតាខ្មៅ ខេត្តកណ្តាល គឺស្ថិតនៅក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ប្រមាណជាង២០លានដុល្លារអាម៉េរិក តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេស ជប៉ុន (JICA) ដោយគ្រោងនេះដំណើរការសាងសង់រយៈពេល២ឆ្នាំដោយចាប់ផ្តើមដំណើរការសាងសង់កាល ពីខែមិថុនា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤។គម្រោងនេះមានសមត្ថភាពផលិតទឹកស្អាត ៣ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ហើយនេះជាប្រភេទគម្រោង Special Purpose Company ស្ថិតក្រោមការថែទាំលក្ខណៈបច្ចេកទេស និងគុណភាពទឹករយៈពេល១០ឆ្នាំរបស់ជប៉ុន នឹងលក់ជាវដុំជូនរដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ ក្នុងតម្លៃតូចជាង ឬមិនឱ្យលើសពី៥០០រៀលក្នុងមួយម៉ែត្រគូប…៕
ដោយ៖ សូរិយា