ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន សាទរចំពោះសមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិរបស់ លោកឯកអគ្គរដ្ឋទូត ប៉ាក ហ៊ីងឃ្លៀង (PARK | Heung-kyeong) ជាពិសេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉ ដែលបានចូលជាធរមាន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំនេះ ដោយលើកឡើងពីការរំពឹងទុកដ៏មុតមាំរបស់ លោកថា កិច្ចព្រមព្រៀងនេះ នឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីដ៏ល្អ នាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ លោកឧបនាយករដ្ឋមន្ត្រី ក៏ បានលើកសរសើរចំពោះការរួមចំណែករបស់ លោកឯកអគ្គរដ្ឋទូត នៅក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរផងដែរ។ ការលើកឡើងទាំងនេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលនៃការចូលជួបសម្តែងការគួរសម និងជម្រាបលារបស់លោកឯកអគ្គរដ្ឋទូត នៅថ្ងៃ ទី០៧ ខែធ្នូ ឆ្នាំ២០២២។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកឯកអគ្គរដ្ឋទូត ប៉ាក ហ៊ីងត្បូង បានរំលឹកពី ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នៅក្នុងឆ្នាំនេះ ដែលក្នុងនោះរួមមាន ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកុម្ភៈ និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីខែមេសា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី YOON Suk Yeol ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធអាស៊ាន កាលពីខែវិច្ឆិកាកន្លងមក នៅរាជធានីភ្នំពេញ ក៏ដូចជា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ កាលពីខែកញ្ញាឆ្នាំមុន ដែលក្នុងឱកាស នោះ លោកបានធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណយ៉ាងស្ម័គ្រស្មោះចំពោះជំនួយ ដែលផ្ដល់ដល់កម្ពុជាដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងដោយក្តីរីករាយអំពី កិច្ចសហប្រតិបត្តិការល្អលើវិស័យសេដ្ឋកិច្ច ការកើនឡើងដ៏គួរឱ្យកត់សម្គាល់នៃពាណិជ្ជកម្មទ្វេភាគី លំហូរនៃការវិនិយោគរបស់សាធារណរដ្ឋកូរ៉េមកកាន់កម្ពុជា វត្តមានរបស់ក្រុមហ៊ុនកូរ៉េល្បីៗជាច្រើន នៅកម្ពុជា ការកើនឡើងនៃការនាំចេញផ្លែស្វាយរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ និងជំនួយ របស់កូរ៉េក្នុងវិស័យសុខាភិបាល។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីជំហររបស់កម្ពុជាលើបញ្ហាតំបន់ និង អន្តរជាតិមួយចំនួន ជាពិសេសលើវិបត្តិនៅមីយ៉ាន់ម៉ា និងស្ថានការណ៍នៅក្នុងឧបទ្វីបកូរ៉េ។ លោក ឯកអគ្គរដ្ឋទូត រដ្ឋទូត ប៉ាក ហ៊ីងឃ្លៀង (PARK | Heung-kyeong) បានអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានប្រកបដោយ ជោគជ័យរបស់កម្ពុជា និងបានកោតសរសើរចំពោះការដឹកនាំ និងការរៀបចំរបស់កម្ពុជា ក្នុងនាមជា ម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក៏ដូចជាកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ លោកឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោកឧបនាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ និងកិច្ចសហប្រតិបត្តិការរបស់សាធារណរដ្ឋកូរ៉េ ក្នុងអំឡុងពេលពេញមួយឆ្នាំនៃការធ្វើជាប្រធាន អាស៊ានរបស់កម្ពុជា ៕
ដោយ : សិលា